iPhone អេក្រង់ LCD ត្រៀម​ចេញ​ឆ្នាំ​នេះ អាច​នឹង​មាន​បន្ថែម​ជម្រើស 3 ពណ៌ទៀត

Published Date: Wednesday, May 30, 2018 09:03 AM

កន្លងមកប្រិយមិត្តភាគច្រើន ពិតជាបានដឹងហើយ ជាមួយព័ត៌មាន លេចលឺជាច្រើន ពាក់ព័ន្ធនឹង iPhone ជំនាន់ថ្មី ដែល Apple ត្រៀមយកមកបង្ហាញ នៅពាក់កណ្តាលឆ្នាំ 2018 ខាងមុខនេះ។ ក្នុងនោះដែរ គេបាននិយាយថា ស្មាតហ្វូនដែលក្រុមហ៊ុន Apple នឹងនាំយកមក នោះមាន 3 ស៊េរី ជាមួយទំហំអេក្រង់ ខុសគ្នា ដោយទំហំ 6.1 អ៊ីញ ត្រូវបំពាក់លើ iPhone អេក្រង់ LCD  ចំណែកឯទំហំ 5.8 អ៊ីង និង 6.5 អ៊ីញវិញ គឺបំពាក់អេក្រង់ OLED។

ថ្មីៗនេះ លោក Jun Zhang ដែលជាអ្នកវិភាគរបស់ Rosenblatt បានអះអាងថាក្រុមហ៊ុន Apple នឹងធ្វើឱ្យមានភាព ខុសគ្នាមួយទៀត រវាង iPhone អេក្រង់ទាំង 2 ប្រភេទនេះ ដោយចំពោះអេក្រង់ LCD អាចនឹងមានបញ្ចេញ ជម្រើសពណ៌ស្រស់ៗ មួយចំនួន ស្រដៀងទៅនឹងទូរស័ព្ទ iPhone 5C ដែលមាន ពណ៌ចម្រុះជាច្រើន អញ្ចឹងដែរ។ លោក Zhang ក៏បានបន្ថែមចំនុច មួយទៀត គឺពណ៌ដែលអាចនឹង មានសម្រាប់ iPhone អេក្រង់ LCD ឆ្នាំ 2018 នេះ គឺមានដូចជា ពណ៌ខៀវ ពណ៌លឿង និងពណ៌ផ្កាឈូក ហើយពណ៌ទាំងនេះ បង្កើតមកជាពិសេស សម្រាប់ប្រិយមិត្ត ដែលស្រលាញ់ និងចូលចិត្ត iPhone ពណ៌ឆើតៗ ខុសពីគេ។ គួររំលឹកបន្តិចថា កាលពីមួយរយៈមុន លោក Ming-Chi Kuo ដែលជាអ្នកវិភាគ របស់ក្រុមហ៊ុន KGI Securities បានព្យាករណ៍ថា ក្រុមហ៊ុន Apple អាចនឹងចេញម៉ូឌែល មានស៊ីម 2 សម្រាប់ iPhone អេក្រង់ LCD ទំហំ 6.1 អ៊ីញ ជាមួយតម្លៃលក់ ចន្លោះពី 650 ដុល្លារទៅ 750 ដុល្លារ និង តម្លៃចាប់ពី 550 ដុល្លារទៅ 650 ដុល្លារ សម្រាប់ប្រភេទស៊ីមមួយ។ ចំណែក iPhone ដែលមានអេក្រង់ OLED ទំហំ 6.5 អ៊ីញ ក៏អាចនឹងមានប្រើ ស៊ីមកាតចំនួន 2 ផងដែរ ខណៈដែលអេក្រង់ OLED ទំហំ 5.8 អ៊ីញ ដែលមានទំហំតូច ជាងគេនោះ អាចនឹងមិនមាន ប្រើស៊ីម 2 ហ្នឹងគេឡើយ។

សរុបមក នេះគ្រាន់តែជាក្តីរំពឹងទុកមួយពីលោក Jun Zhang ប៉ុណ្ណោះ ដោយយើងមិនអាច សនិដ្ឋាន និងជឿជាក់លើការ បង្ហាញថា វានឹងមានពណ៌ទាំង 3 នេះ ពិតមែន ឬអត់នោះដែរ ប៉ុន្តែអ្នកអាចចំណាំទុក ក្នុងចិត្តខ្លះៗបាន។ ម្យ៉ាងវិញទៀត ប្រើសិនបើ iPhone មានអេក្រង់ LCD មានបន្ថែមពណ៌ទាំង 3 នេះពិតមែន យើងគិតថា វារឹតតែចំនុចល្អមួយ សម្រាប់ក្រុមហ៊ុន Apple ដែលទាញការពេញចិត្ត ពីអ្នកប្រើប្រាស់ ដែលស្រលាញ់ iPhone ពណ៌ឆើតៗ។ ចុះមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ?

ប្រភពៈ CAMBO REPORT