iPhone SE ជំនាន់ទី 2 អាច​នឹង​លេច​មុខ​នៅ​ក្នុង​ឆ្នាំ 2020 ខាងមុខ!

Published Date: Thursday, May 30, 2019 08:54 AM

iPhone SE ជំនាន់ដំបូងពី Apple ទទួលបានភាពជោគជ័យគ្រាន់បើ កាលពីក្នុងពេល ចេញលក់ដំបូងៗ ហើយបន្ទាប់មកលោក Tim Cook ក៏បានកត់សម្គាល់ឃើញថា ស្មាតហ្វូនអេក្រង់ទំហំតូច នៅតែទទួលបាន ការគាំទ្រយ៉ាងច្រើន ស្ទើរតែមិនជឿឡើយ និងសឹងតែអាចយកឈ្នះចំនួនលក់ iPhone អេក្រង់ធំៗថែមទៀតផង។ បន្ទាប់ពីបានបាត់មុខ អស់រយៈពេលប៉ុន្មានមកនេះ ទើបមានរបាយការណ៍ថ្មីមួយ ចុះផ្សាយឲ្យបានដឹងថា ក្រុមហ៊ុន Apple កំពុងមានគម្រោង ចង់បញ្ចេញនូវជំនាន់ទី 2 សម្រាប់ត្រកូល iPhone SE ដែលរំពឹកទុកថា នឹងអាចប្រកាសចេញក្នុងឆ្នាំ 2020 ខាងមុខនេះ។

 

កាលពីឆ្នាំ 2016 Apple បានប្រកាសចេញលក់ iPhone SE ដែលមានលក្ខណៈសម្បតិ្ត និងមុខងារពិសេសៗ ដូចទៅនឹង iPhone 6s អញ្ចឹងដែរ ក៏ប៉ុន្ដែមានតួខ្លួនតូច ស្រដៀងគ្នាទៅនឹង iPhone 5s ហើយថែមទាំងបាន ទាក់ទាញចិត្ត អ្នកស្រឡាញ់ស្មាតហ្វូន អេក្រង់ទំហំតូច បានជាច្រើននាក់ផងដែរ។ តែយ៉ាងណាក៏ដោយ Apple ទើបបានឈប់ ធ្វើការផលិត iPhone SE តទៅទៀតហើយ កាលពីក្នុងឆ្នាំ 2018 កន្លងទៅ ហេតុដូច្នេះហើយ បានធ្វើឲ្យអ្នកវិភាគ ជាច្រើននាក់ សន្មត់ឃើញថា iPhone SE ជំនាន់ទី 2 ប្រហែលជាអាចនឹង កំពុងតែស្ថិតនៅក្នុង ការអភិវឌ្ឍន៍ផងដែរ។ ចំណែកឯរបាយការណ៍ ដែលដាក់បង្ហាញថា iPhone SE 2 នឹងអាចបង្ហាញខ្លួន លើទីផ្សារនៅក្នុងឆ្នាំ 2020 គឺចេញមកពីអ្នកវិភាគ ប្រចាំក្រុមហ៊ុន Barclays គឺលោក Blayne Curtis ហើយបានអះអាងថា គាត់បានធ្វើការសន្ទនា ជាមួយអ្នកផ្គត់ផ្គង់ ផលិតផលប្រើប្រាស់ ទៅឲ្យក្រុមហ៊ុន Apple នៅឯបរទេស ថែមទៀតផង។

 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី ការឌីហ្សាញគម្រូនៃ iPhone SE 2៖

 

 

សរុបមក ប្រសិនបើយោងទៅតាម ពត៌មានលេចធ្លាយ បានចេញផ្សាយកាលពីពេលមុនៗ គឺបានលាតត្រដាង ឲ្យយើង បានដឹងថា iPhone SE ជំនាន់ទី 2 នឹងបោះបង់ចោល Touch ID ក៏ប៉ុន្ដែ នឹងប្រើប្រាស់ Face ID ជំនួសវិញ ដែលមានអេក្រង់លាត ទំហំត្រឹមតែ 4.8 អ៊ីញប៉ុណ្ណោះ ហើយគ្មានគែមអេក្រង់ ដោយប្រើប្រាស់ថ្ងាសឆក ដូចទៅនឹង iPhone X អញ្ចឹងដែរ។

ប្រភព៖ CAMBO REPORT