iPhone XI និង XI Max អាច​នឹង​មាន​កាណុង​កាមេរ៉ា​ខាង​ក្រោយ​ចំនួន 3 គ្រាប់​ដូចគ្នា!

Published Date: Saturday, March 16, 2019 11:10 AM

បើទោះជាថ្ងៃប្រកាសចេញនូវទូរសព្ទ iPhone ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple នៅមានរយៈពេលយូរខែទៀតក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ព័ត៌មាន​លេចធ្លាយ​ពាក់​ព័ន្ធស្មាត​ហ្វូនផ្លែប៉ោម ត្រូវបានប្រភពបរទេសជាច្រើន ចុះផ្សាយជាហូរហែរ ដោយ​បង្ហាញ​ពីលក្ខណៈ​សម្បត្តិខ្លះៗ រួមជាមួយរចនាបថរូបរាងគម្រូផ្សេងៗ ដែលត្រូវបានគេឌីហ្សាញ ទុកជាការពិចារណា។ ត្រង់ផ្នែកកាមេរ៉ា​ខា​ង​ក្រោយ​វិញ ក៏ត្រូវបានគេឌីហ្សាញប្លែកខុសៗគ្នា ផងដែរ ដោយម៉ូតខ្លះស្ថិតនៅផ្នែកចំហៀងដដែល ហើយខ្លះទៀត ស្ថិតនៅ​កណ្តាល​តួខ្លួន តែម្តង។

 

ទៅលើផ្នែកកាមេរ៉ាខាងក្រោយរបស់ iPhone ស៊េរី 2019 ហ្នឹង (ឬ iPhone 11) ត្រូវបានគេលើកឡើងថា សម្រាប់ម៉ូឌែល iPhone 11 ឬ iPhone XI អាចមានកាណុងកាមេរ៉ាចំនួន 2 គ្រាប់ ចំណែកម៉ូឌែល Plus ឬ Max វិញ អាចមានកាណុងកាមេរ៉ាលោតដល់ 3 គ្រាប់ ឯណោះ។

មិនទាន់ចប់នោះទេ ព្រោះថានៅក្នុងថ្ងៃនេះ ស្រាប់តែមានដំណឹងថ្មីមួយទៀត បានធ្វើការបង្ហាញចំនុចពាក់ព័ន្ធនឹងកាមេរ៉ាខាងក្រោយ លើទូរសព្ទ iPhone ជំនាន់ថ្មីនេះ។ យោងតាមរបាយការណ៍មួយ ពីប្រភពបរទេស បានបង្ហើបអោយដឹង សម្រាប់ស្មាតហ្វូនស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុន Apple ទាំងម៉ូឌែល iPhone XI និង iPhone XI Max ឬ Plus អាចនឹងមានកាណុងកាមេរ៉ាខាងក្រោយ ជាមួយ​លេន ចំនួន 3 គ្រាប់ដូចគ្នា ផ្ទុយពីព័ត៌មានកន្លងមក ដែលលើកឡើងថា iPhone XI អាចមានកាណុងកាមេរ៉ាចំនួន 2 គ្រាប់ ប៉ុណ្ណោះ។ បន្ថែមពីនេះ គេបានបញ្ជាក់ទៀតថា សម្រាប់លេនទាំង 3 គ្រាប់នេះ នឹងមានសមត្ថភាពកាន់តែពិសេសជាងមុន ផ្តល់​ទំនុក​លើការថតរូប និងវីដេអូ កាន់តែប្រសើរ។

សរុបមក នេះជាដំណឹងថ្មីមួយទៀត ដែលប្រិយមិត្តទាំងអស់គ្នា ជាពិសេសហ្វេន Apple អាចចំណាំទុក និងជឿខ្លះ អត់ខ្លះបាន ព្រោះ​វាមិនទាន់ស្ថិតក្នុង​ប្រភពច្បាស់ការ។ យ៉ាងណា ចំពោះរូបរាង និងម៉ូតកាមេរ៉ាក្រោយ មានរចនាបថបែបណានោះ យើងក៏មិនទាន់​ប្រាកដ​ដែរ មានតែរង់ចាំមើលជាបន្តទៀត ទាំងអស់គ្នា។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ប្រភព៖ CAMBO REPORT