Jailbreak iOS 12 នៅ​លើ iPhone XR, XS, XS Max និង iPad ស៊េរី 2018 ចេញ​មក​ហើយ

Published Date: Wednesday, March 13, 2019 09:50 AM

កាលពីដើមខែមីនាកន្លងទៅថ្មីៗនេះ ក្រុម Hacker បានធ្វើឲ្យទីផ្សារ iDevice ផ្ទុះខ្លាំងម្ដងទៀត បន្ទាប់ពីស្ងាត់បាត់ឈឹងនូវ Tool សម្រាប់ធ្វើការ Jailbreak ផលិតផលរបស់ក្រុមហ៊ុន Apple ជាមួយនឹង ការនាំមកវិញនូវដង្ហើមថ្មីសម្រាប់ម្ចាស់ iPhone និង iPad ជាច្រើន។ បើទោះបីជាមានការចេញ Tool ថ្មីនោះក៏ពិតមែន តែវានៅមិនទាន់បើកទូលំទូលាយឲ្យម៉ាស៊ីន iDevice ទាំងអស់រត់ដោយ iOS 12.X.X ធ្វើការ Jailbreak បានជោគជ័យនោះទេ គឺបានអស់ត្រឹម iPhone X ដែលប្រើប្រាស់ឈីប Bionic A11 ប៉ុណ្ណោះ។

មិនចាំយូរ ខណៈម្ចាស់ iPhone និង iPad ជាច្រើនកំពុងរង់ចាំ ទីបំផុត Tool សម្រាប់ Jailbreak ហៅថា Unc0ver បានចេញជំនាន់​ថ្មីហើយ ដែលបើកសិទ្ធិឲ្យធ្វើការ Jailbreak នូវម៉ាស៊ីនដូចជា៖

 

•    iPhone XR

•    iPhone XS

•    iPhone XS Max

•    និង iPad ស៊េរីឆ្នាំ 2018

 

រាល់ម៉ាស៊ីនទាំងនេះប្រើប្រាស់ឈីប A12 និង A12X ដែលអាចយកទៅហែកគុកបានសម្រេច នៅលើម៉ាស៊ីន ដែលដំណើរការដោយ iOS ជំនាន់ 12, 12.1.1 និង 12.1.2 ដោយប្រិយមិត្តអាចចូលទៅ Download តាមរយៈតំណរភ្ជាប់ខាងក្រោម៖

យ៉ាងណាក៏ដោយ ដើម្បីអាចធ្វើការ Jailbreak ម៉ាស៊ីនដូចបានរៀបរាប់ខាងលើនេះ អ្វីដែលប្រិយមិត្តត្រូវមានគឺកម្មវិធី Cydia Impactor ដែលអាចស្វែងរកបាននៅតាមអ៊ិនធឺណិត និងម៉ាស៊ីន MacBook មួយ ឬមានកុំព្យូទ័រ ដែលរត់ដោយ macOS របស់ Apple សម្រាប់តម្លើងកម្មវិធី Jailbreak ចូលទៅក្នុងម៉ាស៊ីន។ របៀប Jailbreak ពុំមានភាពសាំញ៉ាំប៉ុន្មាននោះដែរ តែដោយសារ Unc0ver ស្ថិតក្នុងជំនាន់ Beta ដូច្នេះហើយ វានឹងតម្រូវឲ្យអ្នកចុច Jailbreak ច្រើនដងទម្រាំបានកម្មវិធី Cydia នៅលើផ្ទាំង Menu ដូច​វីដេអូខាងក្រោម ដែលណែនាំអំពីរបៀប Jailbreak ដែលស្ថិតក្នុងជំនាន់សាកល្បងមួយនេះ តែជាលិទ្ធផលវាអាចដំណើរការបាន។

យ៉ាងណាក៏ដោយ ខេមបូរីផត សូមធ្វើការក្រើនរំលឹកទៅដល់ប្រិយមិត្ត ដែលមានបំណង ឬគ្រោងនឹងធ្វើការ Jailbreak ម៉ាស៊ីន​របស់​ខ្លួន​ឲ្យ​បានដឹងមុនផងដែរថា អ្នកគប្បីសាកថ្មឧបករណ៍ឲ្យពេញ ហើយបើមានឯកសារសំខាន់ៗគួរតែធ្វើការ Backup ទុកឲ្យហើយ ពិសេស​ដាក់​ទៅ Airplane Mode មុននឹងចាប់ផ្ដើមប្រតិបត្តិការ។ យ៉ាងណាក៏ដោយ យើងមិនទទួលខុសត្រូវទៅ​លើ​អ្នក​ដែល​ជួប​បញ្ហា ពេលកំពុងប្រតិបត្តិការធ្វើការ Jailbreak នេះនោះទេ ហើយបើអ្នកចុច Jailbreak ហើយនៅមិនទាន់ទទួលបាន Cydia គួរ​តែព្យាយាមម្ដងហើយម្ដងទៀត!

ប្រភព៖ CAMBO REPORT