Mate 20 អាច​នឹង​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ ចំណែក Mate 20 Pro អាច​លោត​ដល់ Quad HD+

Published Date: Friday, September 7, 2018 02:02 PM

ព័ត៌មានដែលទាក់ទងនឹង ទូរសព្ទម៉ូឌែល Mate 20 និង Mate 20 Pro របស់ក្រុមហ៊ុន Huawei ដែលបានលេចធ្លាយ ចុងក្រោយ គឹបានបង្ហាញថា ស្មាតហ្វូនទាំង 2 ស៊េរីនេះ អាចនឹងមានអេក្រង់លាតធំ កោងគែមសងខាង ដូចម៉ូឌែល Mate RS Porsche Design និងមានរំលេចថ្ងាសឆក បែបទ្រវែង ដូចស្ទីលឆកនៅលើ iPhone X។ ចំណែកនៅផ្នែក ខាងក្រោយវិញ វាមានកាមេរ៉ាចំនួន 3 គ្រាប់ អមដោយភ្លើង Flash 1 គ្រាប់ ដែលមានរាងជាកញ្ចុំផ្តុំចូលគ្នា ស្ថិតក្នុងកន្លែងតែមួយ ដូចទៅរូបភាព ដែលធ្លាប់បាន លេចធ្លាយដែរ។

ស្របពេលដែលស្មាតហ្វូនទាំងនេះ មិនទាន់បង្ហាញខ្លួន ជាផ្លូវការ ស្រាប់តែពេលនេះ មានដំណឹងថ្មី ដែលបានរកឃើញ ចំនុចមួយ ពាក់ព័ន្ធនឹងកម្រិតបង្ហាញ រូបភាពលើ Mate 20 និង Mate 20 Pro។ យោងទៅតាមប្រភព បានអោយដឹងថា សម្រាប់ទូរសព្ទម៉ូឌែល Mate 20 អាចនឹងបង្ហាញរូបភាព ក្នុងកម្រិត 1080 x 2244 ភិចសែល ឬគេហៅថា Full HD+ ដែលនេះជាកម្រិតមួយ ស្ទើរតែដូចទៅនឹងកម្រិត បង្ហាញលើ P20 និង P20 Pro ដែរ។ ឯចំពោះ ទូរសព្ទម៉ូឌែល Mate 20 Pro ត្រូវបានគេបញ្ជាក់ថា វាអាចនឹង បង្ហាញរូបភាព ក្នុងកម្រិតលោតធំដល់ទៅ 1440 x 3120 ភិចសែល ឬគេហៅថា Quad HD+ ដែលជាទំហំរូបភាពមួយ អាចបង្ហាញកម្រិត បានកាន់តែច្បាស់ ហើយបើបំពាក់លើអេក្រង់ ដែលមានកោងគែមសងតិចៗ បែបហ្នឹងទៀត រឹតតែពិសេស តែម្តង។

គួររំលឹកបន្តិចថា ស្មាតហ្វូនត្រកូល Mate លេខ 20 ជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួន អោយពិភពលោក បានឃើញ នៅថ្ងៃទី 16 ខែតុលា ខាងមុខនេះ ក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ហើយវាក៏ជាទូរសព្ទដំបូង ដែលប្រើប្រាស់ បន្ទះឈីបខ្លាំង Kirin 980 ជំនាន់ថ្មី មុនគេ ផងដែរ។

 

ប្រភពៈ CAMBO REPORT