OnePlus 7 Pro អាច​នឹង​បង្ហាញ​រូបភាព​ក្នុង​កម្រិត Quad HD+ ជា​លើក​ដំបូង និង​មាន Refresh Rate ដល់ 90Hz

Published Date: Friday, April 19, 2019 08:25 AM

ប្រហែលជាមួយសប្តាហ៍មុន ក្រុមការងារយើងបានធ្វើការចុះផ្សាយព័ត៌មានមួយ បង្ហាញពីរូបភាពលេចធ្លាយ ពាក់ព័ន្ធនឹង​ស្មាតហ្វូន​ម៉ូឌែល OnePlus 7 Pro ជំនាន់ថ្មី ដែលត្រូវបានចាប់កាន់ដោយផ្ទាល់ដៃ ជាមួយលេខសម្គាល់ GM1915។ សម្រាប់​ផ្ទាំង​រូប​ដែល​បង្ហាញ​លើអេក្រង់មួយនោះ បានបញ្ជាក់ថាស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.67 អ៊ីញ ប្រភេទ Super Optic Display, ប្រើ​ប្រាស់​បន្ទះ​ឈីបខ្លាំង Snapdragon 855, រ៉េមទំហំ 8GB ជាមួយទំហំផ្ទុក 256GB និងមានកាណុងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ គឺទំហំ 48 មេហ្គាភិចសែល +16 មេហ្គាភិចសែល + 8 មេហ្គាភិចសែល។

ដរាបណា OnePlus 7 Pro មិនទាន់ដល់ថ្ងៃចេញប្រកាសជាផ្លូវការនោះ ព័ត៌មានលេចធ្លាយក៏មិនទាន់បញ្ចប់ដែរ ដោយថ្មីៗនេះ មាន​ប្រភពពីបរទេសមួយ បានបង្ហើបអោយដឹងថា អេក្រង់របស់ OnePlus 7 Pro នឹងអាចបង្ហាញរូបភាពក្នុងកម្រិត Quad HD+ ជា​លើក​ដំបូងសម្រាប់ក្រុមហ៊ុនមួយនេះ ខណៈដែលកន្លងមកបានត្រឹម Full HD+ ប៉ុណ្ណោះ។ ចំនុចពិសេសមួយទៀត គឺថាអេក្រង់​របស់​វា​អាច​នឹងមានកម្រិត Refresh Rate បានដល់ 90Hz ធ្វើអោយការរត់ហ្គេមបានកាន់តែរលូនល្អ ព្រោះវាសមមាត្រជាមួយ​នឹងបន្ទះ​ឈីប Snapdragon 855 ហ្នឹងឯង។ ក្រៅពីនេះ ប្រភពដដែលបានបន្ថែមថា កម្លាំងថាមពលថ្មរបស់ OnePlus 7 Pro នឹងមានទំហំ 4000mAh ហើយអាចទ្រទ្រង់ជាមួយល្បឿនសាកថ្ម Warp Charge បានដល់ 30W ចេញពីក្នុងប្រអប់ ដូចទៅនឹង OnePlus 6T McLaren Edition អញ្ចឹងដែរ។

ចំនុចចុងក្រោយគេនោះ គឺថា OnePlus 7 Pro អាចនឹងប្រើប្រាស់ប្រព័ន្ធសម្លេង Stereo ដែលនឹងផ្តល់អោយគុណភាពសម្លេង កាន់​តែប្រសើរជាងស្មាតហ្វូន OnePlus ជំនាន់មុនៗ។ យ៉ាងណា ទាំងនេះជាព័ត៌មានដែលស្ថិតនៅក្នុង​ប្រភពមិនទាន់ផ្លូវការនៅឡើយ តែ​យើង​អាចកត់ចំណាំបណ្តើរៗសិនបាន។ ចុះប្រិយមិត្តវិញយល់ម៉េចដែរ បើចំនុចទាំងនេះ ក្លាយជាការពិត។ ពេញចិត្តឬអត់?

ប្រភព៖ CAMBO REPORT