OnePlus 7 Pro អាច​មាន​ជម្រើស​ពណ៌​ថ្មី​មួយ​ទៀត ចំណែក OnePlus 7 អាច​នឹង​រក្សា​ម៉ូត​ឆក​តំណក់​ទឹក​លើ​អេក្រង់​ដដែល

Published Date: Saturday, May 11, 2019 09:01 AM

កាលពីប៉ុន្មានថ្ងៃមុន យើងបានធ្វើការចុះផ្សាយនូវព័ត៌មាន លេចធ្លាយពីប្រភពជិតស្និទ្ធមួយ ដែលបង្ហាញលើរចនាបថ រូបរាងពេញមួយតួខ្លួន របស់ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ជំនាន់ថ្មី ដែលត្រៀមនឹងប្រកាសចេញ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ លើសពីនោះ ប្រភពដដែល ក៏បានធ្វើការបង្ហាញពីជម្រើសពណ៌ថ្មី លើស្មាតហ្វូនមួយ ម៉ូឌែលនេះផងដែរ រួមមាន ពណ៌ Nebula Blue និងពណ៌ Mirror Grey។

 

ដោយឡែក នៅក្នុងថ្ងៃនេះផងដែរ ស្រាប់តែប្រភព WinFuture បានធ្វើការបង្ហាញ អោយឃើញជម្រើសពណ៌ បន្ថែមថ្មីមួយទៀត ទៅលើម៉ូឌែល OnePlus 7 Pro ក្រៅពីជម្រើសទាំង 2 ពណ៌មុន។ យ៉ាងណា សម្រាប់ពណ៌ថ្មីនេះ គឺត្រូវបានគេអោយឈ្មោះថា Almond ជាប្រភេទ ពណ៌មាសភ្លឺចាំង ក្រាលជាប់នឹងខ្នងខាងក្រោយ ដែលមើលទៅប្លែកអារម្មណ៌ តែម្តង ព្រោះនៅស្មាតហ្វូនម៉ូឌែល OnePlus ជំនាន់មុនៗ មិនធ្លាប់មានពណ៌ មាសដិតចាំង បែបនេះឡើយ។ ដើម្បីអោយប្រិយមិត្តអុ្នកអាន កាន់តែច្បាស់ថាពណ៌ Almond នេះ វាយ៉ាងណា សូមទស្សនារូបខាងក្រោម៖

 

ចំនុចមួយដែលប្រិយមិត្តមួយចំនួន តែងតែមានចម្ងល់ថា តើស្មាតហ្វូន OnePlus 7 & OnePlus 7 Pro មានអេក្រង់លាតធំ ស្ទើរតែអស់គែម និងគ្មានម៉ូតឆកដូចគ្នា មែនដែរឬទេ? 

 

បើយោងតាមការបង្ហាញរូបគម្រូចុងក្រោយពី WinFuture ដដែល គឺបានបញ្ជាក់ថា សម្រាប់ស្មាតហ្វូនម៉ូឌែល OnePlus 7 នឹងមិនមានអេក្រង់លាត សន្ធឹងធំ កោងគែមសងខាង ដូចទៅនឹង OnePlus 7 Pro ឡើយ តែផ្ទុយទៅវិញ វាអាចនឹងមាន អេក្រង់លាតស្មើ និងមានរំលេចម៉ូតឆក តំណក់ទឹក ដូចទៅនឹងម៉ូឌែល OnePlus 6T ជំនាន់មុនអញ្ចឹង តែខុសគ្នា នៅត្រង់លើម៉ូត កាមេរ៉ាភ្លោះខាងក្រោយ។

អញ្ចឹងទាំងនេះ ជាអ្វីដែលយើងត្រូវដឹង និងកត់ចំណាំទុកបន្ថែម ទៅលើស្មាតហ្វូន OnePlus ជំនាន់ថ្មីទាំង 2 ម៉ូឌែល ដែលជិតបង្ហាញវត្តមាន ក្នុងពេលខាងមុខ។ គួររំលឹកថា ស្មាតហ្វូនម៉ូឌែល 1+ ជំនាន់ទី 7 នឹងត្រូវបានប្រកាស ចេញជាផ្លូវការ នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅសាល Pier 94 ក្នុងទីក្រុង New York។ ដូច្នេះ កុំភ្លេចរង់ចាំតាមដាន ទាំងគ្នាណា ថាតើ OnePlus នឹងមានអ្វីប្លែក មកបង្ហាញអ្នកគាំទ្រ។

ប្រភព៖ CAMBO REPORT