OPPO​ K3​ ស្មាត​ហ្វូន​អេក្រង់​លាត​ធំ​ កាមេរ៉ា​មុខ​ផុស​ ប្រើ​ឈីប​ Snapdragon​ 710​ ឯ​តម្លៃ​ត្រឹម​ 230​ ដុល្លារ ចេញ​ផ្លូវ​ការ

Published Date: Monday, May 27, 2019 08:21 AM

នៅក្នុងឆ្នាំ 2019 នេះ យើងសង្គេតឃើញថា មានបណ្តាក្រមហ៊ុនផលិទូរសព្ទ Android ជាច្រើន បានកំពុងសម្រុក បញ្ចេញស្មាតហ្វូនលំដាប់ថវិកា ជំនាន់ថ្មី ជាបន្តបន្ទាប់ ដើម្បីចូលទៅប្រកួតប្រជែងទីផ្សារ និងដណ្តើមយក ការស្រលាញ់ពេញចិត្ត ពីសំណាក់អតិថិជន។ មានន័យថា ពួកគេបានព្យាយាម បង្កើតរចនាបថរូបរាង កាន់តែទាក់ទាញ លក្ខណៈសម្បត្តិ កាន់តែប្រសើរជាងជំនាន់មុនៗ និងមានតម្លៃ កាន់តែធូរថ្លៃ។

ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុន OPPO បានធ្វើការបញ្ចេញស្មាតហ្វូនលំដាប់ថវិកា ជំនាន់ថ្មីមួយស៊េរីទៀត ដោយវាមានឈ្មោះហៅ ជាផ្លូវការថា OPPO K3។ ចំពោះរចនាបថរូបរាងរបស់វា គឺមានលក្ខណៈជាស្មាតហ្វូន បែបកូនកាត់ ដោយផ្ទៃខាងមុខ កាត់ទៅរកម៉ូឌែល Realme X ជាមួយអេក្រង់លាតធំ និងមានកាមេរ៉ាផុសចេញពីតួខ្លួន ចំណែកផ្នែកខាងក្រោយ រួមទាំងម៉ូតកាមេរ៉ា កាត់ទៅរក OPPO Reno ឯណោះវិញ។

 

OPPO K3 ត្រូវបានផលិតឡើងជាមួយ អេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ឬ 1080 x 2340 ភិចស៊ែល មានកម្រិត Aspect Ratio 19.5:9 និងអាចស្កេនម្រាមដៃ លើអេក្រង់បាន។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល អាចធ្វើការហូតចេញបានលឿន ត្រឹមរយៈពេល 0.72 វិនាទីតែប៉ុណ្ណោះ ចំពោះកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ មានទំហំ 16 មេហ្គាភិចសែល + 2 មេហ្គាភិចសែល។ សម្រាប់ទំហំប៉ុននេះ អាចនិយាយបានថា វាស្ថិតនៅក្នុងកម្រិតល្អមួយ ល្មមទទួលយកបាន ទៅលើការប្រើប្រាស់ថតរូប។

 

ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 710, មានបំពាក់មកជាមួយទំហំរ៉េម 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនមានទំហំ 64GB / 128GB / 256GB។ វាមានថាមពលថ្មទំហំ 3765mAh អាចទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន ដល់ជំនាន់ VOOC 3.0។ OPPO K3 គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie និងស្រោបដោយស្បែក ColorOS 6 ចេញពីប្រអប់ មកស្រាប់តែម្តង។

ជាចុងក្រោយ ស្មាតហ្វូននេះ គឺមានតម្លៃ 230 ដុល្លារ សម្រាប់ម៉ូឌែលរ៉េម 6GB ជាមួយអង្គចងចាំ 64GB ហើយតម្លៃ 275 ដុល្លារ សម្រាប់ម៉ូឌែលរ៉េម 6GB ជាមួយអង្គចងចាំ 128GB និងចុងក្រោយតម្លៃ 335 ដុល្លារ សម្រាប់ម៉ូឌែលរ៉េម 8GB ជាមួយអង្គចងចាំ 256GB។

សម្រាប់យោប់របស់ខ្ញុំ៖ ទៅលើរចនាបថរូបរាងរបស់ OPPO K3 គឺមានភាពទាន់សម័យ តែម្តង ជាមួយអេក្រង់លាតធំ គ្មានម៉ូតឆក តែមានម៉ូតកាមេរ៉ាមុខ ផុសចេញពីតួខ្លួន ហើយចំពោះលក្ខណៈសម្បត្តិវិញ ក៏ល្មមអាចទទួលយក ដើម្បីប្រើប្រាស់ជាប់ប្រចាំថ្ងៃបាន និងជាពិសេស វាមានតម្លៃធូរថ្លៃហ្នឹងតែម្តង។

ប្រភព៖ CAMBO REPORT