OPPO ទើប​បង្កើត​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ផ្ដោត​សំខាន់​ទៅ​លើ​ប្រព័ន្ធ 5G!

Published Date: Sunday, April 8, 2018 09:02 AM

បើនិយាយពីក្រុមហ៊ុន OPPO វាក៏ជា Brand ដែលឈានមុនគេ លំដាប់ខ្ពស់មួយដែរ នៅក្នុងប្រទេសចិន ហើយក៏បាន រាយទីផ្សារ មកតាមប្រទេស នៅតំបន់អាស៊ីយើង ជាច្រើនផងដែរ។ ដូចនេះ អាចបញ្ជាក់បានថា ក្រុមហ៊ុនចិនភាគច្រើន មានទស្សនៈវិស័យខ្ពស់ ដែលមើលទៅខាងមុខ បានឆ្ងាយល្អ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី ឲ្យទាន់ជំនាន់ដល់អ្នក ប្រើប្រាស់ជានិច្ច។ ជាក់ស្ដែងក្រុមហ៊ុន OPPO បានចាប់ផ្ដើម អភិវឌ្ឈន៍នូវប្រព័ន្ធ 5G បាត់ទៅហើយ មិនត្រឹមតែប៉ុណ្ណោះ គេក៏នឹងអភិវឌ្ឍន៍ បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) បន្ថែម រួមទាំងមុខងារថតរូប ឲ្យកាន់តែប្រសើរ ជាងមុនផងដែរ។

យោងតាមសារព័ត៌មាន IFeng News បង្ហាញថាថ្មីៗនេះក្រុមហ៊ុន OPPO ទើបតែបានធ្វើការបើក នូវស្ថាប័នមួយ ដែលមានទីស្នាក់ការ នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ប៉ុន្តែក៏មានសាខា នៅក្នុង Yokohama ប្រទេសជប៉ុន និងសាខាក្នុងទីក្រុងចិន មួយចំនួនទៀតផងដែរ ហើយវាគឺជាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី របស់ក្រុមហ៊ុន OPPO ដែលត្រូវផ្ដោត សំខាន់ទៅលើ ប្រព័ន្ធអ៊ីនធើណេត 5G ដូចអ្វីដែលសាកលវិទ្យាល័យ ក្រុងញ៉ូវយ៉កបានកំពុង ស្រាវជ្រាវអភិវឌ្ឍន៍អញ្ចឹង។ បើយើងក្រលេក ទៅលើក្រុមហ៊ុន Qualcomm គេក៏កំពុងតែ ដុតដៃដុតជើង អភិវឌ្ឍន៍បច្ចេកវិទ្យា ទាំងនេះដែរ ហើយក៏ត្រៀមនឹងចេញ ឈីបលំដាប់កំពូល ដែលទ្រទ្រង់ប្រព័ន្ធ 5G ហើយក្រុមហ៊ុន OPPO ក៏បានចាប់ដៃគូ សហការរួចរាល់ ផងដែរ។ ប៉ុន្តែយើងត្រូវដឹងថា ប្រព័ន្ធ 5G មិនមែនឲ្យតែឈីបខ្លាំង អាចធ្វើទៅបាននោះទេ វាក៏ត្រូវទាមទារប្រព័ន្ធ ហ្វ្រេកង់សេវាខ្លាំង និង IoT របស់ទូរសព្ទយើងអាច ដំណើរការទៅបាន ឬក៏អត់ ហេតុនេះហើយទើប OPPO បើកនូវ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេះឡើង ហើយក៏ពង្រីកនូវបញ្ញាសប្បនិមិត្ត (AI) ឲ្យមានសមត្ថភាព ខ្ពស់ជាងមុន ក៏ដូចជាការមុខងារ ថតឲ្យបានប្រសើរផងដែរ។ អញ្ចឹងយើងនឹង ចាំទទួលបានមុខងារថ្មីៗ ពីទូរសព្ទជំនាន់ក្រោយ។

គួររំលឹកផងដែរថា ទៅលើការបើកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍បែបនេះ មិនទាន់មានក្រុមហ៊ុនណា ព្យាយាមបើកច្រើន និងធ្វើច្រើនដូចជា ក្រុមហ៊ុន Apple និង Huawei នោះទេ។ តាំងពីដើមមក ក្រុមហ៊ុនទាំងនេះ បានចំណាយទឹក ប្រាក់ច្រើន ទៅលើវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ថ្មីៗរបស់គេ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានចំណាយលុយ ប្រមាណ ១៣.៨ ពាន់លានដុល្លារ ឯណោះ ទោះលើបច្ចេកវិទ្យា AI នៅលើឈីប ក៏ដូចជាកាមេរ៉ា ចំណែកឯក្រុមហ៊ុន Apple វិញបានជះលុយដល់ ១៨ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា របស់ផលិតផល ថ្មីចុងក្រោយ របស់ខ្លួននេះ។

Credit: Cambo Report