OPPO ប្រកាស​ចេញ​ស្មាតហ្វូន Reno ជា​ផ្លូវការ​ហើយ ចែក​ចេញ​ជា 2 Version មាន​កាមេរ៉ា​លោត​ទំហំ​ដល់ 48MP និង​អាច​ស្កេន​ស្នាម​ម្រាម​ដៃ​លើ​អេក្រង់​បាន

Published Date: Thursday, April 11, 2019 09:22 AM

ទីបំផុត ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល Reno ជាផ្លូវការហើយ ដោយមានការបែងចែកជា 2 Version រួមមាន OPPO Reno និង OPPO Reno ប្រភេទ 10x Zoom Edition។ ដើម្បីស្វែងយល់អោយកាន់តែច្បាស់ យើងនឹងបង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​លើស្មាតហ្វូនថ្មីនេះ ទៅកាន់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដូចតទៅ។

OPPO Reno ត្រូវបានរចនាឡើងជាមួយរចនាបថស៊ីវិល័យ តាមទម្រង់ Find X កាលពីឆ្នាំទៅ ជាមួយអេក្រង់លាត មានផ្ទៃលាតធំ កាត់បន្ថយគែម អោយនៅកាន់ខ្លីមែនទែន ជាមួយទំហំ 6.4 អ៊ីញ ជាប្រភេទ OLED ចំណែកម៉ូឌែលមួយទៀត មានទំហំ 6.6 អ៊ីញ។ ចំពោះកាមេរ៉ាខាងក្រោយ រឹតតែពិសេសថែមទៀត ដោយក្រុមហ៊ុន OPPO បានតម្លើងកាណុងកាមេរ៉ាចំនួន 2 គ្រាប់ សម្រាប់ Reno មានមួយគ្រាប់លោតទំហំធំដល់ 48 មេហ្គាភិចសែល និងមួយគ្រាប់ទៀត ជាលេនថតប្លង់ទូលាយ (មិនទាន់បញ្ជាក់ទំហំនៅឡើយ)។ ឯ OPPO Reno ជា Version មួយទៀត មានកាណុងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានមួយគ្រាប់ស្ថិតក្នុងទំហំ 48 មេហ្គាភិចសែលដែរ ហើយមួយគ្រាប់ទៀត ជាលេន Ultrawide ថតប្លង់ទូលាយ មានទំហំ 8 មេហ្គាភិចសែល និងមួយគ្រាប់ចុងក្រោយ គឺលេន 10x Optical Zoom ហ្នឹងតែម្តង (មិនទាន់បញ្ជាក់ទំហំនៅឡើយ)។ សម្រាប់កាមេរ៉ាខាងមុខ ពិតជាផុសចេញពីតួខ្លួនមក ដូចជាស្នែងសត្វរមាស ពិតមែន មានទំហំ 16 មេហ្គាភិចសែល ដូចគ្នា។ កាន់តែពិសេសនោះ វាក៏មានសេនស័រ សម្រាប់ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់បាន យ៉ាងទាន់សម័យ ថែម​ទៀត។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន ស្មាតហ្វូន OPPO Reno ប្រើប្រាស់បន្ទះឈីប Snapdragon 710 ចំណែក Reno 10x Zoom គឺប្រើ​ប្រាស់​បន្ទះឈីបខ្លាំងលំដាប់កំពូល Snapdragon 855, មានរ៉េមទំហំ 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB / 256GB​។ ស្មាតហ្វូនទាំងពីរនេះ មាន NFC និងមានភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ដូចគ្នា។

ជាចុងក្រោយ OPPO Reno គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green, ពណ៌ Extreme Night Black, ពណ៌ Mist Powder និងពណ៌ Nebula Purple។ ឯ OPPO Reno 10x Zoom Edition មានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green, ពណ៌ Extreme Night Black។ សម្រាប់តម្លៃវិញ យើងនឹងបង្ហាញដូចខាងក្រោម៖

 

•    OPPO Reno

 

–    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 450 ដុល្លារ

–    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 490 ដុល្លារ

–    រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 540 ដុល្លារ

 

•    OPPO Rena 10x Zoom Edition

 

–    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 600 ដុល្លារ

–    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 670 ដុល្លារ

–    រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 710 ដុល្លារ

ប្រភព៖ CAMBO REPORT