OPPO F7 អាចនឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ!

Published Date: Thursday, April 5, 2018 09:47 AM

OPPO F5 ធ្លាប់បានទទួលការគាំទ្រជាច្រើនមកហើយ វាទទួលបានការទិញ​ប្រើ​ច្រើន​ដោយ​សារ​តែ​អេក្រង់​ទាន់​សម័យ រូបរាង​ស្ដើង​ស្អាត និង​មាន​កម្លាំង​ម៉ាស៊ីន​បង្គួរ ជាពិសេសមានកាមេរ៉ាមុខដល់ ២០ មេហ្គាភិចស៊ែល ដែលថតបានស្អាត ហើយក៏ដាក់​លក់​នៅ​ក្នុង​តម្លៃ​ទាបសមរម្យផងដែរ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ យើងមិនឃើញមាន F6 នោះទេ និងបានជំនួសមកវិញនូវការបញ្ចេញ F7 ដែលជា​ទូរសព្ទ​មានរូបរាងថ្មី មានអេក្រង់ឆក និងកាមេរ៉ាមុខដល់ ២៥ មេហ្គាភិចស៊ែលឯណោះ។

 

OPPO F7 បានប្រកាសចេញកាលពីថ្ងៃទី ២៦ មីនាកន្លងទៅ ហើយប្រទេសមួយចំនួនដូចជាឥណ្ឌា គេអាចកុម្ម៉ង់ទិញវារួចមកហើយ ចំណែកឯប្រទេសកម្ពុជាយើងវិញនៅមិនទាន់មានវត្ដមាននៅឡើយទេ។ យ៉ាងណាមិញនាពេលថ្មីនេះ បានលេចលឺដំណឹងថា OPPO F7 អាចនឹងមកដល់ប្រទេសកម្ពុជាយើងនាពេលឆាប់ៗនេះហើយ ដែលអាចនឹងចុងខែមេសានេះ គ្រាន់តែក្រុមហ៊ុន OPPO មិនទាន់​បញ្ជាក់​ថ្ងៃ​ច្បាស់លាស់នៅឡើយ ហើយតម្លៃក៏មិនទាន់ដឹងដែរ។

យ៉ាងណាមិញ បើតាមមើលទៅលើលក្ខណៈសម្បត្តិរបស់ OPPO F7 វាក៏មានគុណសម្បត្តិល្អៗមួយចំនួនធំដែរ ទាំងគុណភាពផលិត ទាំងអេក្រង់ កាមេរ៉ា និងកម្លាំងម៉ាស៊ីន។ បើមើលទៅលើរូបរាង ម្ដងនេះវាត្រូវប្រើប្រាស់នូវសារធាតុកញ្ចក់ ដែលពិតជាចាំងស្អាតជាង OPPO F5 ឆ្នាំមុនច្រើន ការកាន់ប្រើក៏មានតម្លៃជាងមុនដែរ។ ចំណែកអេក្រង់ជាចំណុចប្លែកជាងគេ ព្រោះវាប្រើប្រាស់នូវអេក្រង់ទ្រវែង 19:9 Ratio ដែលមានទំហំដល់ ៦.៣២ អ៊ីញនិងកម្រិតបង្ហាញ Full HD+។ កម្លាំងម៉ាស៊ីនរបស់ OPPO F7 ប្រើប្រាស់ឈីប Helio P60 ទើបនឹងចេញថ្មី មានរ៉េមទំហំ ៤ ឬ ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ ហើយវាក៏មាន សមត្ថភាពបន្ថែម microSD បានដល់ ២៥៦ ជីកាបៃ ផងដែរ។ F7 ដំណើរការដោយ Android Oreo និងប្រើប្រាស់ ផ្ទៃអ៊ីធើហ្វេស ColorOS 5.0 ជំនាន់ចុង​ក្រោយ។ ចំណែកកាមេរ៉ាក្រោយរបស់វា មានទំហំ ១៦ មេហ្គាភិចស៊ែល Aperture f/1.8 ឯកាមេរ៉ាខាងមុខវិញដល់ទៅ ២៥ មេហ្គា​ភិចស៊ែល ប្រើប្រាស់នូវស៊េនស័រ IMX576 ដំបូងគេ និងមានកម្រិត Aperture f/2.0។

អញ្ចឹងនេះគឺព័ត៌មានពីវត្តមានរបស់ OPPO F7 ដែលអាចនឹងមកដល់នៅចុងខែនេះ ហើយក៏មានប្រិយមិត្តមួយចំនួនកត់ថ្ងៃរង់ចាំការ​មក​ដល់ពីវាច្រើនផងដែរ។ អញ្ចឹងអ្នកអាចសាកស្មានបានថា តើវានឹងមានតម្លៃប៉ុន្មាននៅក្នុងប្រទេសកម្ពុជាយើង? ហើយគុណភាព​រូបរាង និងកម្លាំងរបស់វាសាកសមនឹងការរង់ចាំដែរឬអត់?

Credit: Cambo Report