OPPO Find X ស្មាតហ្វូន​ដែល​មាន​ការ​រចនា​លេច​ធ្លោ​បំផុត និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន!

Published Date: Thursday, June 28, 2018 10:00 AM

កាលពីថ្ងៃទី ១៩ មិថុនាកន្លងទៅថ្មីៗនេះ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមហ៊ុន OPPO បានធ្វើការសម្ភោធ កំពូលទូរសព្ទប្រចាំឆ្នាំ របស់ខ្លួនដំបូង ដែលបានបាត់មុខ ប៉ុន្មានឆ្នាំមកហើយ នោះគឺ OPPO Find X ហើយការត្រលប់មក សាជាថ្មីនេះ ពិតជាមិនធម្មតា ដែលលក្ខណៈសម្បត្តិរបស់វា ស្ថិតនៅលំដាប់កំពូល ទាំងអស់ និងលេចធ្លោខ្លាំងផងដែរ អំពីការរចនារូបរាង។ បច្ចុប្បន្ននេះ OPPO Find X ត្រូវបានគេចាត់ទុកជា ស្មាតហ្វូនដែលមានរូបរាង ស៊ិចស៊ីជាងគេ ជាមួយនឹងគុណភាព ផលិតខ្ពស់ និងមើលទៅមិនច្រឡំ ទូរសព្ទដទៃឡើយ និងចំណុចលេចធ្លោ បំផុតគឺអេក្រង់តែម្ដង។

រូបរាងរបស់ OPPO Find X ពិតជាគួរឲ្យសរសើរ ដោយសារតែវាប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលអាចលាក់បង្កប់កាមេរ៉ា ទាំងកាមេរ៉ាមុខ ទាំងកាមេរ៉ាខាងក្រោយ ទាល់តែពេលប្រើប្រាស់ ទើបវាហូតចេញ។ តួខ្លួនទាំងមូល របស់ Find X មានសភាពចាំង ដោយសារតែវាប្រើប្រាស់ នូវសារធាតុកញ្ចក់ 3D ផុសនៅផ្នែកខាងក្រោយ ដែលមានចំនួន ២ ពណ៌គឺ Glacier Blue និង Bordeaux Red ជាមួយស៊ុម លោហៈធាតុ។ ចំណែកឯផ្នែកខាងមុខ គឺជាអេក្រង់ទំហំ ៦.៤២ អ៊ីញ លាតសន្ធឹងស្ទើរគ្មានគែម ចំនួន ៩៣.៨% នៅផ្ទៃខាងមុខ ដែលជាកម្រិតលាតធំ ជាងគេនាពេល បច្ចុប្បន្ននេះ។ ក្រុមហ៊ុនក៏បានបំពាក់នូវ បន្ទះបង្ហាញកម្រិតខ្ពស់ផងដែរ ដោយវាជាអេក្រង់ Super AMOLED មានខ្នាត Aspect Ratio 19.5:9 កោង នៅគែមសងខាង ដូចជា Galaxy អញ្ចឹង ជាមួយកម្រិតបង្ហាញរូបភាព Full HD+ (1080 x 1920 ភិចស៊ែល) ត្រូវបានការពារ ដោយកញ្ចក់ Gorilla Glass 5 ហើយក្រុមហ៊ុន OPPO បានសម្លាប់អេក្រង់ឆក ចោលតែម្ដង នៅលើ Find X នេះ។

OPPO Find X មានមួយម៉ូឌែលទៀត ដែលបានរចនាកាន់តែពិសេស ជាមួយនឹងការសហការ ដោយក្រុមហ៊ុនផលិត រថយន្ដប្រណិត ដ៏ល្បីល្បាញ របស់ប្រទេសបារាំង Lamborghini ដើម្បីផលិតចេញនូវ ស្មាតហ្វូនប្រណិត មួយគ្រឿង OPPO Find X Lamborghini Edition នេះឯង ដែលបំពេញតាម លក្ខខណ្ឌដែលក្រុមហ៊ុន Lamborghini ចង់បាន ដូចជាសាច់កញ្ចក់ ខាងក្រោយ ឡូហ្គោតំណាង ជាដើម។

នៅក្នុង Find X Lamborghini Edition នេះក្រុមហ៊ុនក៏បានប្រើប្រាស់នូវគ្រឿង ខាងក្នុងឲ្យកាន់តែ លេចធ្លោផងដែរ ជាក់ស្ដែងវាត្រូវបាន បំពាក់នូវអង្គផ្ទុកទិន្នន័យ ដល់ ៥១២ ជីកាបៃ និងមានបំពាក់ បច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលទ្រទ្រង់ជាមួយ ក្បាលឆ្នាំងសាកដល់ ៥០ វ៉ាត់ឯណោះ ធ្វើឲ្យការសាកថ្ម ប្រើពេលត្រឹមតែ ៣៥ នាទីប៉ុណ្ណោះ ដើម្បីពេញ ១០០%។

គួរបញ្ជាក់ផងដែរថា OPPO Find X គឺស្មាតហ្វូនមានលក្ខណៈសម្បត្តិស្ថិតនៅ លំដាប់កំពូល អញ្ចឹងវាមិនមែន មានតម្លៃទាបនោះទេ ដោយកាលពីថ្ងៃប្រកាស ចេញជាផ្លូវការក្នុង ទីក្រុងប៉ារីស វាមានតម្លៃដល់ ៩៩៩ អឺរ៉ូ (ប្រហែល ១១៦៣ ដុល្លារ) សម្រាប់ម៉ូឌែលធម្មតា និងតម្លៃដល់ទៅ ១៦៩៩ អឺរ៉ូ (ប្រហែល ១៩៨០ ដុល្លារ) ឯណោះ សម្រាប់ម៉ូឌែល Find X Lamborghini Edition។ សម្រាប់តម្លៃ នៅក្នុង ប្រទេសយើង អាចនឹងខ្ពស់ ជាងនេះផងដែរ។

ប្រភពៈ​ CAMBO REPORT