Qualcomm បាន​ប្រកាស​ថា​សេនស័រ​កាមេរ៉ាទំហំ 100MP នឹង​មាន​នៅ​លើ​ស្មាតហ្វូន​ក្នុង​ឆ្នាំ 2019 នេះ!

Published Date: Monday, March 18, 2019 08:35 AM

តើប្រិយមិត្តអ្នកអាន គិតថាសេនស័រកាមេរ៉ាទំហំ 48MP ដែលមាននៅលើ Redmi Note 7 ធំពិតមែនទេ? ដោយនៅក្នុងបទសម្ភាស​ថ្មីៗនេះ នាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Qualcomm គឺលោក Judd Heape បានបង្ហាញថាកំឡុងពេលឆ្នាំ 2019 នេះ​យើង​នឹង​អាចឃើញមាន ស្មាតហ្វូនម៉ូឌែលថ្មីៗដែលមានបំពាក់ដោយ សេនស័រកាមេរ៉ាទំហំដល់ទៅ 64MP និង 100MP ថែម​ទៀត​ផង។

 

ទោះបីជាយ៉ាងណាក៏ដោយ សេនស័រកាមេរ៉ាទំហំធំ គឺមិនមែនជាផ្លូវដែលក្រុមហ៊ុន Qualcomm ចង់ឲ្យទីផ្សារដើរតាមនោះទេ ដោយ​សារខណៈពេលដែលបន្ទះឈីប Snapdragon បច្ចុប្បន្ន (660, 670, 675, 710, 845, 855) ត្រូវបានអាប់ដេតទៅជំនាន់ថ្មី ដើម្បី​ឲ្យ​អាចដំណើរការបាននៅលើ សេនស័រកាមេរ៉ាដល់ទៅទំហំ 100MP ពិតមែនក៏ដោយ ប៉ុន្ដែមានមុខងារមួយចំនួនដូចជា Multi-Frame, Noise Reduction និង Zero Shutter Lag គឺត្រូវបានបិទចោលទាំងអស់ផងដែរ។ ហាក់បីដូចជាស្មាតហ្វូនម៉ូឌែល Redmi Note 7 ដែលមានសេនស័រកាមេរ៉ាទំហំធំដល់ទៅ 48MP អញ្ចឹង គឺគ្រាន់តែប្រើប្រាស់បច្ចេកវិទ្យា Pixel Binning ដើម្បី​បូក​បញ្ចូលរវាងភីកសែលចំនួន 4 ភីកសែលឲ្យក្លាយជា 1 ភីកសែលនៅក្នុងទំហំសេនស័រ 12MP តែប៉ុណ្ណោះ។ ដោយឡែក​ផ្ទុយ​ទៅវិញ បើ​សម្រាប់ស្មាតហ្វូនម៉ូឌែល Galaxy S10 របស់ក្រុមហ៊ុន Samsung, Pixel 3 របស់ក្រុមហ៊ុន Google និង iPhone XS របស់​ក្រុមហ៊ុន Apple គឺសុខចិត្តប្រើប្រាស់សេនស័រកាមេរ៉ាទំហំតូចៗ និងអាចធ្វើការប្រើប្រាស់មុខងារ Multi-Frame ដើម្បីធ្វើឲ្យ​រូបភាព​មាន Noise តិចជាង និងទទួលបានគុណភាពលំអិត កាន់តែច្បាស់ថែមទៀតផង។

 

លើសពីនេះទៅទៀត លោក Judd Heape ក៏បានបង្ហើបប្រាប់សារពត៌មានថា នាពេលបច្ចុប្បន្ននេះ គឺមានក្រុមហ៊ុន OEMs មួយ​ចំនួន​កំពុងតែធ្វើការសហការជាមួយ ក្រុមហ៊ុនផលិតសេនស័រកាមេរ៉ា ដើម្បីដាក់បញ្ចេញស្មាតហ្វូន ដែលមានកាមេរ៉ាទំហំ 64MP និង​អាច​ដល់ទៅ 100MP ឯណោះ ហើយស្មាតហ្វូនទាំងអស់នោះ ក៏បានរំពឺងថានឹងអាចចេញជាផ្លូវការនៅក្នុងឆ្នាំ 2019 នេះផងដែរ។

សរុបមក ឥឡូវនេះយើងបានដឹងហើយថា មិនយូរទៀតនោះទេ ស្មាតហ្វូនជំនាន់ក្រោយៗ នឹងទទួលបានសេនស័រកាមេរ៉ា​ទំហំកាន់​តែ​ធំទៅៗ ហើយបន្ទាប់មកក្រុមហ៊ុន Qualcomm ក៏បានប្រកាសប្រាប់ថា បន្ទះឈីបជំនាន់ក្រោយដែលជា Snapdragon 865 នឹង​អាចថតវីដេអូជាលក្ខណៈ HDR10 បានថែមទៀតផង។

ប្រភព ៖ CAMBO REPORT