Razer Phone 2 អាច​នឹង​មាន​រូប​រាង​ដូច​គ្នា​ទាំង​ស្រុង​ជា​មួយ​ជំនាន់​ទី 1

Published Date: Friday, September 14, 2018 03:44 PM

មកទល់ពេលនេះ ក្រុមហ៊ុន Razer បាននឹងកំពុងដុតដៃជើង មិនធម្មតានោះទេ សម្រាប់យកនាំនូវ ផលិតផលស្មាតហ្វូនជំនាន់ទី 2 របស់ខ្លួន មកទុកលក់អោយហ្វេនៗ ជាពិសេស ចំពោះ Gamer ដែលមានបំណងប្រាថ្នា ចង់បានទូរសព្ទមួយ អាចគ្រប់គ្រងទៅលើការលេងហ្គេម មានក្រាហ្វិចធំៗបានល្អនោះ។ ចុះតើ Razer Phone 2 នេះ នឹងមានរចនាបថរូបរាង យ៉ាងណាវិញ?

 

ពិតណាស់ ចំពោះ Razer Phone កាលជំនាន់ដំបូង យើងបានឃើញថា វាជាស្មាតហ្វូនដែលមានអេក្រង់លាតស្ទើរទំហំ 5.7 អ៊ីញ ដោយបន្សល់ទុកគែមលើក្រោមច្រើន មានតួខ្លួនរាបឈូសស្មើរ ដូចបន្ទះដែក។ សម្រាប់ចំនុចរូបរាងនេះ មិនសូវជាមានអ្នកពេញចិត្តប៉ុន្មានទេ ហើយអ្នកគាំទ្រ ក៏រំពឹងថា Razer នឹងមានការកែប្រែ ទៅលើទូរសព្ទជំនាន់ទី 2 របស់ខ្លួន ខណៈដែលក្រុមហ៊ុនផ្សេងៗ បំពាក់អេក្រង់លាត សឹងតែរកគែម គ្មានទៅហើយនោះ។

ឥលូវនេះ ស្រាប់តែមានប្រភពលេចធ្លាយមួយ បានចេញផ្សាយរូបរាងគម្រូរបស់ Razer Phone 2 ជាមួយរចនាបថ នៅផ្នែកអេក្រង់ខាងមុខ។ បើយោងទៅតាមរូបភាព យើងសង្គេតឃើញថា ផ្នែកខាងមុខនៃទូរសព្ទប្រភេទ Gaming ជំនាន់ទី 2 នេះ គឺដូចគ្នាសឹងទាំងស្រុងជាមួយនឹងជំនាន់ទី 1 មិនមានកែប្រែអ្វីទាំងអស់ ទាំងទំហំអេក្រង់ និងខ្នាតគែមលើក្រោមរបស់វា។ ដើម្បីអោយកាន់តែច្បាស់ មិត្តអ្នកអាន អាចទស្សនារូបភាព ដូចខាងក្រោម៖

 

ជាចុងក្រោយ ប្រភពដដែលខាងលើ បានបញ្ជាក់ថា ចំពោះរចនាបថរូបរាងរបស់ Razer Phone 2 អាចនឹងមានកែប្រែឡើយ ប៉ុន្តែចំនុចដែលនឹងត្រៀមផ្លាស់ ប្តូរនោះគឺ ផ្នែក កម្លាំងម៉ាស៊ីន រួមទាំងលក្ខណៈសម្បត្តិមួយចំនួន។ ជាក់ស្តែង ប្រភពពី AnTuTu Benchmark ក៏ធ្លាប់បានធ្វើការបង្ហាញ អោយដឹងដែរថា Razer Phone ជំនាន់ទី 2 នេះ អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 845, ប្រើប្រាស់ GPU Adreno 630, មាន RAM ទំហំ 8GB និងមានទំហំអង្គ ផ្ទុកទិន្នន័យក្នុងម៉ាស៊ីន លោតដល់ 512GB។

 

ប្រភពៈ CAMBO REPORT