Samsungនឹងបញ្ចេញGalaxy S9ដែលមានកាមេរ៉ាភ្លោះ
Published Date: Tuesday, November 28, 2017 03:42 PMសម្រាប់អ្នកចូលចិត្តប្រើទូរស័ព្ទ Samsung ដំណឹងនេះអាចជាដំណឹងល្អផង និងជាដំណឹងអាក្រក់ផង។ ដំណឹងល្អត្រង់ថា Samsung Galaxy S9 ដែលជាកូនពៅរបស់ត្រកូល Galaxy S ដ៏ទំនើបមួយទៀតនឹងចាប់កំណើតក្នុងពេលឆាប់ៗនេះ។ ចំណែកឯដំណឹងអាក្រក់គឺថាអ្នកដែលកំពុងប្រើ Galaxy S8 និង Galaxy S8 Plus នឹងត្រូវធ្លាក់សេរ៊ីព្រមទាំងតម្លៃផងដែរ។ ខាងក្រោមនេះគឺលក្ខណៈពិសេសៗមួយចំនួនរបស់ Galaxy S9 និង Galaxy S9Plus ដែលបានលេចធ្លាយតាមបណ្តាញអ៊ីនធើណេតនាពេលកន្លងមក។
១-ការរចនា
យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានបង្ហាញថា Samsung Galaxy S9 នឹងត្រូវមានរូបរាងថ្មីសន្លាងខុសពី Galaxy S8 និង S8 Plus ជំនាន់មុន។ Samsung Galaxy S9 នឹងចាប់កំណើតមកជាមួយប្រភេទកាំមេរ៉ាភ្លោះដូចទៅនឹងសិស្សច្បង Galaxy Note 8 អ៊ីចឹង។ ជាងនេះទៅទៀត មុខងារស្កេនក្រយ៉ៅដៃរបស់ Galaxy S9 ក៏នឹងត្រូវបង្កប់ Sensor នៅក្នុងអេក្រង់តែម្តង។ ព័ត៌មានខ្លះក៏បានបង្ហាញថា Samsung នឹងបំបាត់រន្ធកាស់ប្រភេទ 3.5 មីលីម៉ែត្រចោលដូចiPhone ដែរ ប៉ុន្តែក៏មានប្រភពខ្លះថាវាមិនមែនជាការពិតនោះទេ។
២-កម្លាំងម៉ាស៊ីន
យោងតាមបណ្តាញផ្សព្វផ្សាយ SamMobile បានឱ្យដឹងថា Samsung នឹងបញ្ចេញ Galaxy S9 និង Galaxy 9Plus ក្នុងពេលដំណាលគ្នាតែម្តង។ បងប្អូនទាំងពីរនោះនឹងដំណើរការដោយប្រព័ន្ធ Android Oreo 8.0 ជាមួយនឹងកម្លាំង CPU ប្រភេទ Snapdragon 845។ S9 និងS9Plus ក៏នឹងមានអង្គចងចាំ 64GB នៅក្នុងម៉ាស៊ីនស្រាប់ជាមួយនឹង RAM ទំហំ 4GB ឬ 6GB ឯណោះ។
កាំមេរ៉ាក្រោយរបស់ Galaxy S9 និង S9Plus នឹងមានទំហំ១៦មេហ្គាភិចសែល ចំណែកឯកាំមេរ៉ាមុខវិញមានទំហំ១២មេហ្គាភិចសែល។
៣-អេក្រង់
Galaxy S9 នឹងមានអេក្រង់ទំហំ 5.77 អ៊ីង ចំណែក Galaxy S9Plus នឹងមានអេក្រង់ទំហំ 6.22អ៊ីង ដែលមានរាងកោងដូច Galaxy S8 និង Galaxy S8Plus ដែរ។ អេក្រង់របស់បងប្អូនទាំងពីរនោះគឺសុទ្ធតែកម្រិត4Kទាំងអស់។
៤-រហ័សនាម និងថ្ងៃចេញលក់
សម្រាប់ Galaxy S9 គឺនឹងមានរហ័សនាមថា Star ចំណែកឯ Galaxy S9Plus នឹងមានរហ័សនាមថា Star 2។ បើពិតដូចការលេចលឺនោះមែន បងប្អូនពីរនេះនឹងត្រូវរំពឹងថាអាចចូលប្រឡូកក្នុងសង្វៀនប្រកួតជាមួយកំពូលស្មាតហ្វូនដទៃទៀតនៅអំឡុងខែមីនា ឆ្នាំ២០១៨ឆាប់ៗនេះ។
មុនចូលឆ្នាំខ្មែរមកដល់ល្មម ត្រៀមតែលុយទៅកនយើង!
ប្រភព៖ Sammobile.com
ប្រែសម្រួលដោយ៖ KoungY Phone Shop