Samsung ចេញថ្ងៃ​ដាក់​ប្រកាស​ខ្សែ​ស្រឡាយ Galaxy S10 ជាផ្លូវ​ការ​ហើយ

Published Date: Friday, January 11, 2019 10:56 AM

កន្លងមក យើងទទួលបានព័ត៌មានលេចធ្លាយ ជាច្រើនគួរសមដែរហើយ ពាក់ព័ន្ធនឹងស្មាតហ្វូនត្រកូល S ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលត្រៀមធ្វើការដាក់បង្ហាញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។ ទោះយ៉ាងណា ទម្រាំថ្ងៃដាក់បង្ហាញនឹងមកដល់ យើងក៏បានដឹងពីលក្ខណៈសម្បត្តិមួយចំនួន រួមជាមួយរចនាបថរូបរាង នៃស្មាតហ្វូនម៉ូឌែលថ្មីទាំងនេះ តាមរយៈការលេចធ្លាយ​ផង​ដែរ។

តួយ៉ាង សម្រាប់អ្នកគាំទ្រជាច្រើន ក៏បានបង្កើតជាសំណួរថា តើស្មាតហ្វូនខ្សែស្រឡាយ S10 ទាំងនេះ នឹងត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញជាផ្លូវការ នៅពេលណា?

 

អញ្ចឹង សម្រាប់នៅក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយ នោះគឺការប្រកាសអោយដឹងពីថ្ងៃដាក់បង្ហាញស្មាតហ្វូនត្រកូល S ជំនាន់ថ្មី ដែលបង្ហោះដោយក្រុមហ៊ុន Samsung ដើម្បីបញ្ចប់ចម្ងល់ចង់ដឹង របស់អ្នកគាំទ្រ។ ពិតមែនហើយ បើយោងទៅតាមផ្ទាំង​ផូស្ទ័រមួយ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung នឹងធ្វើការដាក់បង្ហាញខ្សែស្រឡាយទូរសព្ទ S10 នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ សម្រាប់ប្រិយមិត្ត ដែលកំពុងតែរង់ចាំវត្តមាន ស្មាតហ្វូនខ្សែស្រឡាយ Galaxy S10 ជំនាន់ថ្មី ទាំង​អស់ អាចធ្វើការកត់ចំណាំ ថ្ងៃដែលគេបង្ហាញនេះបាន។

ជាចុងក្រោយ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងនឹងដឹងច្បាស់ នៅពេលដែលទូរសព្ទទាំងនេះ ត្រូវបានប្រកាសចេញជាផ្លូវការ ហើយ​បើចង់អោយបានទាន់ចិត្តនោះ ប្រិយមិត្តអាចរង់ចាំមើលការ Live ផ្ទាល់ពី Samsung នៅថ្ងៃទី 20 ខែកុម្ភៈ ក្នុងពេលខាង​មុខ​នោះ​បាន ថាតើខ្សែស្រឡាយ Galaxy S10 នឹងមានអ្វីថ្មី និងពិសេសខ្លះ?

ប្រភព៖ CAMBO REPORT