Xiaomi ទើបតែ​ដាក់​បង្ហាញ Redmi Note 7 បំពាក់​ដោយ​កាមេរ៉ា 48MP និង​តម្លៃ​ទាប​មិន​គួរ​ឲ្យ​ជឿ!

Published Date: Friday, January 11, 2019 11:20 AM

កាលពីចុងឆ្នាំ 2018 សហស្ថាបនិកនៃក្រុមហ៊ុន Xiaomi គឺលោក Lin Bin បានបង្ហើបថា ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួននឹង​បំពាក់​ដោយ សេនស័រកាមេរ៉ាទំហំធំដល់ទៅ 48 មេហ្គាភិចសែល ដោយឥឡូវនេះ ស្មាតហ្វូនមួយនោះបានដាក់បង្ហាញជាផ្លូវការហើយ។ ស្មាតហ្វូននេះ ស្ថិតនៅក្រោមម៉ាក Redmi ដែលមានឈ្មោះថា Redmi Note 7 ហើយអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នា មានការចាប់​អារម្មណ៍​នោះគឺត្រង់សេនស័រកាមេរ៉ា និងតម្លៃរបស់វាផងដែរ។

 

បើសិនជាយើងមើលទៅលើ ការចនាបថវិញ Redmi Note 7 គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mi Play ដែល Xiaomi ទើបនឹងដាក់បង្ហាញប៉ុន្មានសប្ដាហ៍មុននេះដែរ ដូចជាមានអេក្រង់ខាងមុខ បែបតំណក់ទឹកធ្លាក់ ហើយផ្នែកខាងក្រោយមាន ពណ៌​លាយ​​គ្នាប្រភេទ Gradients ថែមទាំងទីតាំងដាក់កាមេរ៉ា និងកន្លែងស្កេនម្រាមដៃផងដែរ។ ស្មាតហ្វូន Redmi Note 7 នេះមាន​ទំហំ​អេក្រង់ 6.3 អ៊ីញ ប្រភេទ 19.5:9 Full-HD ហើយក៏បានបំពាក់ដោយបន្ទះឈីប Snapdragon 660, មានថ្មទំហំធំដល់ទៅ 4,000mAh, ប្រើប្រាស់ USB Type-C និងមានរន្ធកាសថែមទៀត។ ចំណែកផ្នែកកាមេរ៉ាវិញ ខាងមុខមានសេនស័រកាមេរ៉ា ទំហំ 13 មេហ្គាភិចសែលសម្រាប់ថត Selfie ហើយផ្នែកខាងក្រោយ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាមួយមានសេនស័រទំហំធំ ដល់ទៅ 48 មេហ្គាភិចសែលឯណោះ និងមួយទៀតទំហំ 5 មេហ្គាភិចសែលផងដែរ។

 

បន្ទាប់ពីស្មាតហ្វូន Redmi ទទួលបានភាពពេញនិយម ក្រុមហ៊ុន Xiaomi ក៏បានសម្រេចចិត្ត ដាក់ជាម៉ាកថ្មីរបស់ខ្លួន ក្រោមឈ្មោះ Redmi តែម្ដង ដូច្នេះបើយើងមើលទៅបន្ទះខាងក្រោយនែ Redmi Note 7 យើងនឹងឃើញមានពាក្យតំណាងសរសេរថា “Redmi By Xiaomi” ដូចទៅនឹង “Pocophone By Xiaomi” អញ្ចឹងដែរ។ ស្មាតហ្វូន Redmi Note 7 ថ្មីនេះ ចាប់ផ្ដើមពីតម្លៃ $150 ដុល្លារ​អាមេរិក សម្រាប់ម៉ូឌែលរ៉េម 3GB ជាមួយទំហំផ្ទុក 32GB និងតម្លៃ $200 ដុល្លារអាមេរិក សម្រាប់ម៉ូឌែលវ៉េម 6GB ជាមួយទំហំផ្ទុក 64GB (សូមបញ្ជាក់ថាទាំងនេះគឺជាតម្លៃដើមពីប្រទេសចិន ដូច្នេះពេលមកដល់ប្រទេសយើង អាចនឹងមានការប្រែប្រួល)។

 

សរុបមក ស្មាតហ្វូន Redmi Note 7 ដែលក្រុមហ៊ុន Xiaomi បានដាក់បង្ហាញនេះ គឺពិតជាមានតម្លៃទាប មិនគួរឲ្យជឿ បើប្រៀប​ធ្រៀប​ទៅនឹងកម្លាំងម៉ាស៊ីនរបស់វា ដោយបន្ទះឈីបល្អ ហើយមានសេនស័រកាមេរ៉ាធំដល់ទៅ 48 មេហ្គាភិចសែលថែមទៀត ហើយ​បើ​សិនជាយើងមើលទៅលើស្មាតហ្វូន Honor View 20 និង Huawei Nova 4 ដែលមានបំពាក់សេនស័នកាមេរ៉ាដូចគ្នា គឺសុទ្ធតែ​មាន​​តម្លៃ​មិនក្រោម $500 ដុល្លារអាមេរិកនោះទេ។

ប្រភព៖ Cambo-report