Xperia XZ2 Premium ទើប​ប្រកាស​តម្លៃ​ខ្លួន​ពិត និង​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវ​ការ!

Published Date: Friday, June 29, 2018 10:03 AM

នេះជាទម្លាប់ទៅហើយ ដែលក្រុមហ៊ុន Sony មានយុទ្ធសាស្រ្តផ្សេងៗ ក្នុងការ បញ្ចេញលក់នូវ ម៉ូឌែលស្មាតហ្វូនកំពូល របស់ខ្លួន ប៉ុន្មានម៉ូឌែលដូចជា Xperia XZ2 ធម្មតា, Xperia XZ2 Impact និង Xperia XZ2 Premium ដោយកម្លាំង ម៉ាស៊ីនខ្លាំងជាគេគឺ Xperia XZ2 Premium បន្ទាប់មក Xperia XZ2 ធម្មតា និងខ្សោយជាងគេ Xperia XZ2 Impact។ ម៉ូឌែល Xperia XZ2 Premium បង្ហាញវត្តមាន កាលពីប៉ុន្មានខែមុន ប៉ុន្តែមិនទាន់បាន ប្រកាសតម្លៃពិត និងថ្ងៃដាក់លក់ទេ ទើបនៅពេលនេះ យើងបានដឹងពី តម្លៃខ្លួនពិតរបស់វា និងថ្ងៃដាក់លក់ហើយ។

ស្មាតហ្វូននេះ ចាប់ផ្តើមដាក់ឲ្យធ្វើការកុម្ម៉ង់ទុកមុន លើទីផ្សារសហរដ្ឋអាមេរិក តាម Amazon និង Best ចាប់ពីថ្ងៃទី 9 ខែកក្កដា ខាងមុខនេះ ហើយនឹងមានលក់ ជាទូទៅនៅថ្ងៃទី 30 ខែកក្កដាខាងមុខ ជាមួយតម្លៃថ្លៃ 999.99 ដុល្លារ សហរដ្ឋអាមេរិកឯណោះ។ សម្រាប់ទីផ្សារស្រុកយើង អាចមកដល់បន្ទាប់នោះ មិនយូរទេ ដូច្នេះអ្នកគាំទ្រក្នុងស្រុកយើង អាចរង់ចាំបន្តិច។ និយាយត្រួសៗ ពីស្មាតហ្វូននេះ វាមានអេក្រង់ទំហំ 5.8 អ៊ីញ កម្រិតបង្ហាញរូបភាពដល់ 4K, កញ្ចក់បច្ចេកវិទ្យា HDR, កាមេរ៉ាក្រោយភ្លោះទំហំ 19 មេហ្គាភិចសែល និង 12 មេហ្គាភិចសែល ជាមួយសេនស័រ Monochrome (អាចកំណត់ ISO ដល់ចំនុចកំពូល 51,200), ប្រើប្រាស់បន្ទះឈីប Snapdragon 845, រ៉េមទំហំ 6GB, ថាមពលថ្ម 3,540mAh និងមិនមានមកជាមួយ រន្ធដោតកាសទេ។

សរុបមក នៅពេលនេះ យើងបានដឹងពីតម្លៃពិត ដល់ទៅ 999.99 ដុល្លារ របស់ Xperia XZ2 Premium ហើយ ដោយវាត្រៀមនឹងដាក់ ឲ្យកុម្ម៉ង់នៅលើវេបសាយ លក់អនឡាញអន្តរជាតិ នៅថ្ងៃទី 9 ខែកក្កដាខាងមុខ និងការដាក់លក់ទូទៅ នៅថ្ងៃទី 30 ខែកក្កដាឯណោះ លើទឹកដី សហរដ្ឋអាមេរិក។ ដូច្នេះវានឹងមកដល់ទីផ្សារយើង នាពេលប៉ុន្មានបន្ទាប់ ក៏ថាបាន ដោយមិនយូរនោះទេ ដូចអ្វីដែលយើងចំណាំ ពីមុនមក។

ប្រភពៈ CAMBO REPORT