Xperia XZ3 ចេញ​ជា​ផ្លូវ​ការ​ហើយ ជាមួយ​អេក្រង់ OLED កោង​លាត​ធំ​ទ្រវែង

Published Date: Friday, August 31, 2018 02:21 PM

ក្រោយពីទទួលរងនូវព័ត៌មានលេចធ្លាយ ជាច្រើនហូរហែ ដេរមិនចេះជិតសោះ ពាក់ព័ន្ធនឹងស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល Xperia XZ3 របស់ក្រុមហ៊ុន Sony នោះ គឺថានៅពេលនេះ គ្រប់យ៉ាងត្រូវបានបញ្ចប់ ជាស្ថាពរហើយ។ តើលក្ខណៈសម្បត្តិ និងរចនាបថរូបរាង របស់ស្មាតហ្វូននេះ អាចទាក់ចិត្តអ្នកប្រើប្រាស់ បានឬមិនបាន?

 

ជាការពិតណាស់ សម្រាប់ទូរសព្ទ Xperia XZ3 នេះ យើងសង្គេតឃើញថា ក្រុមហ៊ុន Sony ចាប់ផ្តើម ចេះចូលស្ទឹងតាមបត់ ដូចគេដូចឯង ជាបណ្តើរហើយ។ ស្មាតហ្វូននេះ មានអេក្រង់លាតទ្រវែងទំហំ 6 អ៊ីញ ជាប្រភេទ OLED កោង (អេក្រង់ HDR) អាចបង្ហាញរូបភាព ក្នុងកម្រិត QHD+ ឬ 1440 x 2880 ភិចសែល, មានកម្រិត Aspect Ratio 18:9 ឯគែមអេក្រង់សងខាង មានរាងកោង មើលទៅប្លែក ជាងមុនតែម្តង។ Xperia XZ3 ក៏នៅតែបន្ដបំពាក់ អាវក្រោះការពារទឹកដូច Xperia XZ2 ដដែល។ ស្មាតហ្វូននេះ បានបំពាក់កាមេរ៉ាខាងមុខទំហំ 13 មេហ្គាភិចស៊ែល មានកម្រិត Aperture f/1.9 ភ្ជាប់មកជាមួយមុខងារ HDR សម្រាប់ជំនួយដល់ការថត Selfie អោយកាន់តែប្រសើរជាងមុន និងមានមុខងារ ទប់លំនឹង 5-axis gyro-EIS ងាយស្រួលក្នុងការថតវីដេអូ មុខខ្លួនឯង ថែមទៀតផង។ ឯកាមេរ៉ាមួយគ្រាប់ខាងក្រោយ ដែលហៅថា Motion Eyes មានទំហំ 19 មេហ្គាភិចស៊ែល មាន Aperture f/2.0 អាចថតវីឌីអូធំបំផុត ដល់កម្រិត 4K បែបវីឌីអូ HDR ថែមទាំងមានមុខងារ ទប់លំនឹងដូចគ្នា។ ស្មាតហ្វូននេះ មានបំពាក់ស៊េនស័រ សម្រាប់ស្កេនម្រាមដៃ ដែលស្ថិតនៅចំកណ្តាល ក្រោមកាណុងកាមេរ៉ា ខាងក្រោយ ដូច Xperia XZ2 ដែរ។

នៅផ្នែកកម្លាំងម៉ាស៊ីនវិញ Xperia XZ3 នៅតែប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 845 ដដែល, មាន CPU ចំនួន 8 គ្រាប់ ដោយ 4 គ្រាប់រត់ក្នុងល្បឿន 2.7GHz ឯ 4 គ្រាប់ទៀត រត់ក្នុងល្បឿន 1.7GHz និងមាន GPU Adreno 630។ ស្មាតហ្វូននេះ មាន RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងមានទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD ក្រៅបានដល់ 512GB។ អ្វីដែលកាន់តែ ទាក់ចិត្តនោះគឺថា ក្រុមហ៊ុន Sony បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជំនាន់ចុងក្រោយ ចេញពីប្រអប់ស្រាប់ សម្រាប់ Xperia XZ3 តែម្តង ជាមួយមុខងារថ្មីៗ ដែលធ្វើអោយអ្នកប្រើប្រាស់ កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍បន្ថែមទៀត។

ចំពោះថាមពលថ្ម ក្រុមហ៊ុន Sony បានបង្កើនទំហំអោយធំជាង Xperia XZ2 ដែលលើកនេះ វាមានទំហំ 3300mAh អាចកំដរ ការប្រើប្រាស់ប្រចាំថ្ងៃ អោយបានកាន់តែយូរ ជាងមុន និងមានមុខងារសាកថ្មបានលឿន Quick Charge 3.0 ដូច Xperia XZ2 អញ្ចឹងដែរ។ ទូរសព្ទ Xperia XZ3 គឺមានវិមាត្រ 158 x 73 x 9.9 មីលីម៉ែត្រ និងមានទម្ងន់ត្រឹម 193 ក្រាមប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានជម្រើស 4 ពណ៌ ដែលយើងអាច ជ្រើសរើស រួមមាន ពណ៌ខ្មៅ (Black), ពណ៌ស (Silver White), ពណ៌បៃតង (Forest Green) និងពណ៌ក្រហម (Bordeaux Red) ចំណែកឯតម្លៃ យើងនៅមិនទាន់បានដឹង នៅឡើយទេ។

វីដេអូបន្ថែម៖

 

ប្រភពៈ CAMBO REPORT