Xperia XZ3 អាច​នឹង​មាន​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទំហំ 48 មេហ្គា​ភិចស៊ែល ប្រើ​ប្រាស់​ស៊េនស័រ IMX586

Published Date: Friday, July 27, 2018 09:20 AM

Xperia XZ2 ជាស្មាតហ្វូនស្ថិតនៅក្នុងលំដាប់ថវិកា ដែលត្រូវបានប្រកាសចេញ កាលពីខែកុម្ភៈ ឆ្នាំ 2018 កន្លងទៅ ជាមួយអេក្រង់ទំហំ 5.7 អ៊ីញ, មានកាមេរ៉ាខាងមុខទំហំ 5 មេហ្គភិចស៊ែល និងមានកាមេរ៉ាក្រោយ មួយគ្រាប់ទំហំ 19 មេហ្គាភិចសែល។ ប៉ុន្តែចំពោះ Xperia XZ2 Premium វិញ គឺមិនដូច XZ2 ធម្មតានោះទេ ព្រោះតែកាមេរ៉ា ខាងក្រោយរបស់វា ជាកាមេរ៉ាភ្លោះ មានសមត្ថភាព អាចថតរូប បានច្បាស់ល្អ មិនចាញ់ស្មាតហ្វូនលំដាប់ មួយចំនួនឡើយ។

សម្រាប់ នៅក្នុងព្រឹត្តិការណ៍ IFA ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ គេបានរំពឹងថា ក្រុមហ៊ុន Sony អាចនឹងធ្វើការ ដាក់បង្ហាញវត្តមាន Xperia XZ3 ជំនាន់ថ្មី ចូលមកស្នងតំណែង បន្ទាប់ពី Xperia XZ2 ដើម្បីបញ្ចប់ រាល់ព័ត៌មានលេចធ្លាយ។ ឥលូវនេះ យើងក៏ទទួលបាន ព័ត៌មានថ្មីមួយទៀត ពីខាង GFXBench បានបង្ហាញលេខកូដ សម្គាល់ H8416 ជាមួយកាមេរ៉ាមុខទំហំ 12 មេហ្គាភិចស៊ែល ឯកាមេរ៉ាមួយគ្រាប់ ខាងក្រោយទំហំ 47 មេហ្គាភិចស៊ែល អាចថតវីដេអូបាន 4K ដែលគេសន្មត់ថា វាជាម៉ូឌែល Xperia XZ3 (មានកាមេរ៉ា មួយគ្រាប់ដូច Xperia XZ2 អញ្ចឹង)។ ចំណែកព័ត៌មាន ដែលបង្ហាញថា Xperia XZ3 មានកាមេរ៉ាភ្លោះនោះ អាចនឹងជាម៉ូឌែល Xperia XZ3 Premium ទៅវិញ ព្រោះ XZ2 Premium ក៏មានកាមេរ៉ាភ្លោះខាងក្រោយដែរ។

ចំពោះទំហំភិចស៊ែលប៉ុននេះ គេបាននឹកឃើញដល់ ស៊េនស័រ IMX586 ដែលជាស៊េនស័រ មានទំហំធំចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Sony។ តាមរយៈ Benchmark ក៏បានបង្ហាញដែរថា ស៊េនស័រនេះ មានទំហំសរុបដល់ទៅ 48 មេហ្គាភិចស៊ែល (លើសខ្វះគ្នា 1 មេហ្គាភិចសែល) ប៉ុន្តែមិនជាអ្វីនោះទេ ព្រោះវាស្ថិតនៅក្នុងការតេស្ត​ នៅឡើយ។ យ៉ាងណា គេបានរំពឹងថា Xperia XZ3 នឹងមានកាមេរ៉ាខាងក្រោយ មួយគ្រាប់ទំហំ 48 មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ IMX586 ដែលមានទំហំធំ ចុងក្រោយបង្អស់ ហើយក៏អាចជាគូ ប្រជែងកាមេរ៉ា ជាមួយស្មាតហ្វូនលំដាប់មួយចំនួន ដែលត្រៀមចេញឆាប់ៗ ខាងមុខនេះ។ ខាងក្រោមនេះ ជារូបរាងគម្រូ Xperia XZ3 ដែលគេបានឌីហ្សាញ៖

 

 

គួររំលឹកបន្តិចថា Xperia XZ3 ត្រូវបានគេនិយាយថា វាអាចនឹងមានអេក្រង់ទំហំ 5.7 អ៊ីញ, ប្រើប្រាស់បន្ទះឈីប Snapdragon 845 ជំនាន់ចុងក្រោយ, មាន CPU ចំនួន 8 គ្រាប់, មាន RAM ទំហំ 6GB អមជាមួយ អង្គផ្ទុកទិន្នន័យ ខាងក្នុងទំហំ 128GB។ ស្មាតហ្វូននេះ អាចនឹងមានកម្លាំងថាមពលថ្មទំហំ 3240mAh និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9.0 P ជំនាន់ចុងក្រោយបង្អស់ ចេញពីប្រអប់ ថែមទៀតផង។

ប្រភពៈ CAMBO REPORT