Xperia XZ4 អាចនឹងមាន​អេក្រង់​លាត​ទ្រវែង ថ្មទំហំ 3900mAh, ប្រើ​ឈីប Snapdragon 855 និង​ដំណើរការ​ដោយ Android 9 Pie

Published Date: Thursday, December 6, 2018 08:29 AM

ប្រិយមិត្តអ្នកអានទាំងអស់គ្នា មាននៅចាំទេ កាលពីប៉ុន្មានសប្តាហ៍មុននេះ ទូរសព្ទម៉ូឌែល Xperia XZ4 របស់ក្រុមហ៊ុន Sony ត្រូវ​បាន​ប្រភព​ពី MySmartPrice ធ្វើ​ការ​បង្ហាញជារូបរាងគម្រូ សម្រាប់ទុកជាការពិចារណាបណ្តើរៗ ដោយនៅផ្នែកខាងមុខ  គេបាន​ឌីហ្សាញ ជាអេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម អោយនៅសល់កាន់តែខ្លីមែនទែន។ ចំណែកនៅផ្នែកខាងក្រោយវិញ ត្រូវបាន​គេ​រចនាជាមួយ ការបំពាក់កាមេរ៉ាខាងក្រោយ លោតកាណុងកើនដល់ទៅ 3 គ្រាប់ ដូចទូរសព្ទម៉ូឌែលកំពូលៗ មួយចំនួនដែរ ដែល​មើល​ទៅ​ប្លែកដាច់តែម្តង បើធៀបជាមួយម៉ូឌែលមុនៗ ដូចជា Xperia XZ2, XZ2 Premium និង XZ3 ហើយជាពិសេសនោះ កន្លែង​សេនស័រ សម្រាប់ស្គេនម្រាមដៃ ក៏មិនឃើញមាន នៅលើទូរសព្ទគម្រូនេះដែរ។

ប្រហែលមិនទាន់ចប់នៅឡើយទេ ព្រោះថានៅក្នុងពេលនេះ គឺថាលក្ខណៈសម្បត្តិរបស់ទូរសព្ទម៉ូឌែល Xperia XZ4 ក៏ត្រូវបានលេច​ធ្លាយ ដោយវាអាចជាតម្រុយមួយ ដែលអ្នកគួរដឹង និងកត់ចំណាំទុក ទម្រាំខាងក្រុមហ៊ុនប្រកាសចេញ ជាផ្លូវការ។ តាមការបង្ហាញ​បាន​អោយ​ដឹង​ថា ស្មាតហ្វូនម៉ូឌែលនេះ អាចនឹងមានបំពាក់អេក្រង់លាតធំទំហំ 6.55 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងជា​ពិសេស​នោះមានកម្រិត Aspect Ratio លោតវែងដល់ទៅ 21:9 ថែមទៀតផង។

ចំពោះកម្លាំងម៉ាស៊ីន Xperia XZ4 អាចប្រើប្រាស់បន្ទះឈីប Snapdragon 855 ជំនាន់ចុងក្រោយ (អាច Support ដំណើការ​សេវា​អ៊ីនធើណេត 5G), មានរ៉េមទំហំ 6GB អមជាមួយអង្គចងចាំទំហំ 64GB និងបន្តដល់ 256GB។ សម្រាប់ស្មាតហ្វូននេះ អាចមាន​កម្លាំង​ថាមពលថ្មធំជាងមុន ជាមួយទំហំ 3900mAh និងអាចដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ លោតដល់ Android 9.0 Pie ជំនាន់​ចុងក្រោយ ចេញពីប្រអប់ ផងដែរ។

សរុបមក នេះគ្រាន់ជាតម្រុយមួយ ដែលអាចធ្វើអោយអ្នកកំពុងរង់ចាំវត្តមានស្មាតហ្វូនម៉ូឌែល Xperia XZ4 អាចកត់ចំណាំទុកបាន ទម្រាំ​ដល់ពេលវាប្រកាសចេញ ជាផ្លូវការ។ យ៉ាងណា យើងក៏មិនទាន់ច្បាស់ថា ថាវានឹងដូចការបង្ហាញលក្ខណៈសម្បត្តិពីខាងលើ ទាំង​ស្រុង ឬអត់នោះដែរ ហើយដើម្បីអោយកាន់តែច្បាស់ គឺមានតែរង់ចាំព័ត៌មានផ្លូវការពី Sony ប៉ុណ្ណោះ ទើបអស់ចិត្ត។

ប្រភពៈ CAMBO REPORT