OnePlus 8 Series ចេញផ្លូវការ ដោយ OnePlus 8 Pro មានអេក្រង់ QHD+ 120Hz, ប្រើឈីប Snapdragon 865, មានកាមេរ៉ាក្រោយ 4 គ្រាប់, បច្ចេកវិទ្យាសាកថ្មឥតខ្សែ 30W ក៏ដូចជាភ្ជាប់មកជាមួយអាវក្រោះការពារទឹកកម្រិត IP68 ផងដែរ
Published Date: Wednesday, April 15, 2020 08:57 AMទីបំផុតការរង់ចាំត្រូវបានបញ្ចប់ ដូចដែលបានសន្យារ កាលពីពេលអម្បាញ់នេះ តាមរយៈព្រឹត្តិការណ៍ពិសេសមួយ ធ្វើឡើងតាមរយៈអនឡាញ ក្រុមហ៊ុន OnePlus បានធ្វើការប្រកាសចេញ នូវទូរសព្ទឆ្លាត ជំនាន់ថ្មីរបស់ខ្លួន គឺ OnePlus 8 និង OnePlus 8 Pro ជាផ្លូវការហើយ។ ទូរសព្ទឆ្លាតលំដាប់កំពូលទាំង 2 ម៉ូឌែលនេះ បានបង្ហាញខ្លួនជាមួយ កម្លាំងម៉ាស៊ីនលំដាប់កំពូល, អេក្រង់ Refresh Rate ខ្ពស់, លេនទម្លុះអេក្រង់ទំហំ 3.8mm, បច្ចេកវិទ្យា 5G, កញ្ចប់កាមេរ៉ាថ្មី ដែលមានសមត្ថភាពធ្វើការ កាន់តែប្រសើរជាងមុន និងលក្ខណសម្បត្តិពិសេសៗផ្សេងៗជាច្រើនទៀត។
OnePlus 8 Pro
OnePlus 8 Pro បានបំពាក់មកជាមួយអេក្រង់លាតកោង ទំហំ 6.78 អ៊ីញ ជាប្រភេទ Fluid AMOLED (10-Bit Color) អាចបង្ហាញរូបភាពបានក្នុងកម្រិត QHD+ (3168 x 1440 ភិចស៊ែល) ជាមួយអេក្រង់ Refresh Rate 120Hz គួបផ្សំជាមួយ ល្បឿនប៉ះសម្គាល់ 240Hz និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតពន្លឺខ្ពស់រហូតដល់ទៅ 1300 Nits គួបផ្សំជាមួយកម្រិតទឹកពណ៌ DCI-P3 ផងដែរ។ កាន់តែពិសេសថែមទៀតនោះ បន្ទះបង្ហាញរបស់ OnePlus 8 Pro ក៏បានភ្ជាប់មកជាមួយបន្ទះឈីប MEMC ប្រើសម្រាប់បន្ថែម Frame Rate ទៅឲ្យវីដេអូ ឬក៏ហ្គេមដែលមានកម្រិត Frame Rate ទាប ឲ្យក្លាយទៅជាឲ្យវីដេអូ ឬក៏ហ្គេមដែលមានកម្រិត Frame Rate ខ្ពស់ដល់ទៅ 120Hz ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន OnePlus 8 Pro ប្រើប្រាស់បន្ទះឈីប Snapdragon 865 អមមកជាមួយម៉ូឌឹម 5G X55 គួបផ្សំជាមួយជម្រើស RAM ជំនាន់ថ្មី LPDDR5 ទំហំ 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យ UFS 3.0 ទំហំ 128/256GB។
ចំណែកឯផ្នែកកាមេរ៉ា OnePlus 8 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ជាលេនទម្លុះអេក្រង់ទំហំ 16MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោលទំហំ 48MP (Sony IMX689 + OIS) Aperture f/1.7, មួយគ្រាប់ជាលេន Ultra-Wide 120 ដឺក្រេ ទំហំ 48MP (IMX586) Aperture f/2.2, មួយគ្រាប់ទៀតជាលេនពង្រីក (Telephoto + OIS) ទំហំ 8MP Aperture f/2.2 មានសមត្ថភាពអាចធ្វើការពង្រីក Optical Zoom បាន 3 ដង, Digital Zoom បាន 30 ដង និងមួយគ្រាប់ចុងក្រោយគេជាលេន Color Filter ទំហំ 5MP។ កាមេរ៉ាក្រោយរបស់ OnePlus 8 Pro មានសមត្ថភាពអាចធ្វើការថតវីដេអូបានក្នុងកម្រិត 4K 30/60fps, Slow-Motion ក្នុងកម្រិត 1080p ជាមួយល្បឿន 240fps និងក្នុងកម្រិត 720p ជាមួយល្បឿន 480fps ក៏ដូចជាអាចថត HDR វីដេអូ ជាមួយបច្ចេកវិទ្យា 3-HDR ផងដែរ។
OnePlus 8 Pro ភ្ជាប់មកជាមួយថ្មទំហំ 4,510mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន (Warp Charge 30T) កម្លាំង 30W, បច្ចេកវិទ្យាសាកថ្មឥតខ្សែ (Warp Charge 30 Wireless) កម្លាំង 30W មានសមត្ថភាពអាចធ្វើការសាកថ្ម OnePlus 8 Pro ពី 0 ដល់ 50% ដោយចំណាយពេលត្រឹមតែ 30 នាទី ប៉ុណ្ណោះ និងបច្ចេកចែករំលែកថ្មទូរសព្ទ (Reverse Wireless Charging) ក៏ដូចជាដំណើរប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក OxygenOS ជំនាន់ថ្មី ដែលមានដំណើរកាន់តែរហ័ស និងរលូនជាងមុន ផងដែរ។
លើសពីនេះទៅទៀត OnePlus 8 Pro ក៏បានភ្ជាប់មកជាមួយមុខងារ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន បន្ថែមទៀតផងដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃស្ថិតក្រោមអេក្រង់, បច្ចេកវិទ្យា Haptics Vibration 2.0, បច្ចេកវិទ្យាអាវក្រោះការពារទឹក និងធូលីកម្រិត IP68, បច្ចេកវិទ្យា Audio Zoom, បច្ចេកវិទ្យា Wi-Fi 6, មុខងារ Always-On Display និង Dual Stereo Speaks ជាមួយបច្ចេកវិទ្យា Dolby Atmos ជាដើម។
OnePlus 8 Pro កើតមកជាមួយជម្រើសពណ៌សរុបចំនួន 3 ក្នុងនោះរួមមានដូចជា ពណ៌ខៀវ (Ultramarine Blue), ពណ៌បៃតង (Glacial Green) និងពណ៌ខ្មៅ (Onyx Black)។ OnePlus 8 Pro ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៣ លាន ៥៩ ម៉ឺន ៦ ពាន់រៀល (899 ដុល្លារ) សម្រាប់ជ្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 128GB និងតម្លៃខ្ទង់ប្រហែលជា ៣ លាន ៩៩ ម៉ឺន ៦ ពាន់រៀល (999 ដុល្លារ) សម្រាប់ជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB។
OnePlus 8
ចូលមកដល់លក្ខណៈសម្បត្តិរបស់ OnePlus 8 វិញម្តង ដោយវាបំពាក់មកជាមួយអេក្រង់លាតទំហំ 6.55 អ៊ីញ ជាប្រភេទ Fluid AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate 90Hz និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតពន្លឺ 1100 Nits គួបផ្សំជាមួយកម្រិតពណ៌ទឹក DCI-P3 ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន OnePlus 8 ប្រើប្រាស់បន្ទះឈីប Snapdragon 865 អមមកជាមួយម៉ូឌឹម 5G X55 គួបផ្សំជាមួយជម្រើស RAM LPDD4x ទំហំ 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យ UFS 3.0 ទំហំ 128/256GB។
ចំណែកឯផ្នែកកាមេរ៉ា OnePlus 8 ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 16MP ជាលេនទម្លុះអេក្រង់ និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោលទំហំ 48MP (Sony IMX586 + OIS), មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 16MP, មួយគ្រាប់ចុងក្រោយគេជាលេន Macro ទំហំ 2MP។ កាមេរ៉ាក្រោយរបស់ OnePlus 8 មានសមត្ថភាពអាចធ្វើការថតវីដេអូបានក្នុងកម្រិត 4K 30/60fps ក៏ដូចជាអាចថតបែប Super Macro ផងដែរ។
OnePlus 8 ភ្ជាប់មកជាមួយថ្មទំហំ 4,300mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន (Warp Charge 30T) កម្លាំង 30W ក៏ដូចជាដំណើរប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក OxygenOS ជំនាន់ថ្មី ផងដែរ។ លើសពីនេះទៅទៀត OnePlus 8 ក៏បានភ្ជាប់មកជាមួយមុខងារ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន បន្ថែមទៀតដូចទៅនឹង OnePlus 8 Pro ផងដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃស្ថិតក្រោមអេក្រង់, បច្ចេកវិទ្យា Haptics Vibration 2.0, បច្ចេកវិទ្យា Wi-Fi 6, និង Dual Stereo Speaks ជាមួយបច្ចេកវិទ្យា Dolby Atmos ជាដើម។
OnePlus 8 កើតមកមកជាមួយជម្រើសពណ៌សរុបចំនួន 3 ក្នុងនោះរួមមានដូចជា ពណ៌បែបឥន្ទធនូ (Interstellar Glow), ពណ៌បៃតង (Glacial Green) និងពណ៌ខ្មៅ (Onyx Black)។ OnePlus 8 Pro ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៧៩ ម៉ឺន ៦ ពាន់រៀល (699 ដុល្លារ) សម្រាប់ជ្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 128GB និងតម្លៃខ្ទង់ប្រហែលជា ៣ លាន ១៩ ម៉ឺន ៦ ពាន់រៀល (799 ដុល្លារ) សម្រាប់ជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB។
ក្រុមហ៊ុន OnePlus អនុញ្ញាតឲ្យអ្នករស់នៅក្នុងប៉ែកអឺរ៉ុប អាចធ្វើការកុម្មង់ទិញ OnePlus 8 Series ទុកមុន ចាប់ពេលថ្ងៃទី 14 ខែមេសា នេះតទៅ ហើយពួកវានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 21 ខែមេសា ឆ្នាំ 2020 ខាងមុខនេះ តែម្តង។ គួរបញ្ជាក់ផងថា តម្លៃដែលបាននិយាយពីខាងលើនេះ គឺជាតម្លៃដាក់លក់សម្រាប់ទីផ្សារប៉ែកអឺរ៉ុបតែប៉ុណ្ណោះ។